បណ្តាញសង្គម

សូម្បីអ្នកជំនាញបារាំងក៏ចេញមុខ «សម្តែងក្តីព្រួយបារម្ភខ្លាំង ចំពោះការសម្រេចចិត្តពី ដូណាល់ ត្រាំ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែរ»

(ប៉ារីស)៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ  នឹងបង្កផលវិបាកផ្នែកភូមិសាស្រ្តនយោបាយ នាពេលខាងមុខភ្លាមៗ តាមរយៈការបញ្ឆេះភាពតានតឹង ស្របពេលដែលស្ថានភាពសន្តិសុខ នៅក្នុងតំបន់កំពុងស្ថិតក្នុងសភាពមិននឹងនរ។

នេះបើតាមអ្នកស្រាវជ្រាវបារាំង លោក ជូលៀន ហ្សារីហ្វីយ៉ាន (Julien Zarifian) ដែលសិក្សាលើបញ្ហាអាមេរិកដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារ ស៊ីនហួរ លោក Zarifian បានលើកឡើងថា «កំណួចនៃភាពតានតឹងជាមួយអ៊ីរ៉ាង់ បានចាប់ផ្តើមជាថ្មី ហើយមន្ទិលសង្ស័យព្រមទាំងភាពមិនច្បាស់លាស់ ក៏បានកើតមានឡើង ខណៈសម្ព័ន្ធមិត្តនៅអឺរ៉ុប ក៏ដូចជាអាមេរិកផ្ទាល់ មិនដឹងថានឹងត្រូវមានប្រតិកម្មបែបណា»។

អ្នកជំនាញបារាំងរូបនេះ បានបង្ហាញជំនឿជឿជាក់ថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់  នឹងធ្វើការថ្កោលទោសការសម្រេចចិត្  តរបស់សហរដ្ឋអាមេរិក ហើយច្រានចោល រាល់លទ្ធភាពនៃការផ្លាស់ប្តូរណាមួយ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដូចទៅនឹងអ្វីដែល អ៊ីរ៉ង់ធ្លាប់បានធ្វើ កាលពីអំឡុងពេលប៉ុន្មានខែកន្លងទៅនេះដែរ។

ទន្ទឹមនឹងនេះ លោក Julien Zarifian បានបន្ថែមថា ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង ទំនងជានឹងនៅបន្តមិនរិះគន់ធ្ងន់ៗពេក ទៅលើការសម្រេចចិត្តរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ឡើយ ស្របពេលដែលវានឹងនៅតែបង្ហាញពី ការប្តេជ្ញាក៏ដូចជាតាំងចិត្តរបស់ពួកគេ ចំពោះកិច្ចព្រមព្រៀងមួយនេះ ដែលបម្រើដល់សេដ្ឋកិច្ចប្រទេសរបស់ពួកគេ បូករួមទាំងផលប្រយោជន៍ដទៃៗទៀត។

គួរបញ្ជាក់ថា ជុំវិញបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី ដែលជាអ្នកស្វះស្វែងក្នុងការបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងប្រទេសអ៊ីរ៉ង់នោះ ក៏បានចេញមុខព្រមានផងដែរថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងតែបង្កើតនូវវិបត្តិអន្តរជាតិមួយ ជាមួយនឹងការសម្រេចចិត្តដ៏គ្រោះថ្នាក់ តាមរយៈការចង់លុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕

ដកស្រង់ពី៖ Fresh News