បណ្តាញសង្គម

យានអវកាសចិនដែលត្រូវបានបោះបង់ចោល នឹងធ្លាក់ចុះមកផែនដីវិញ ខណៈជំនាញ​អះអាងថា វានឹងធ្លាក់ចូលសមុទ្រ!

(វ៉ាស៊ីនតោន)៖ ស្ថានីយ៍អវកាសចិន Tiagong-1 កំពុងតែចល័តសំដៅចុះមកកាន់ភពផែនដី  ក្នុងលក្ខណៈមួយដែលមិនអាចគ្រប់គ្រងបានឡើយ ហើយទោះបីជាផ្នែកភាគច្រើនរបស់វា នឹងត្រូវឆេះរលាយអស់ នៅពេលឈានចូលដល់បរិយាកាសផែនដីក៏ដោយ បំណែកធំៗជាមួយទម្ងន់រហូតដល់ ១០០គីឡូក្រាម នឹងនៅតែត្រូវធ្លាក់មកលើផ្ទៃផែនដីដដែល នៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។ បន្ទាប់ពីត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស កាលពីឆ្នាំ២០១១ ក្រុមមន្រ្តីរដ្ឋាភិបាលចិន បានសម្រេចបោះចង់ចោលកម្មវិធី Tiagong-1 នេះចោលវិញ នៅឆ្នាំ២០១៦ ដោយសារតែការបរាជ័យផ្នែកមេកានិច របស់ស្ថានីយ៍អវកាសនេះ។

ក្រុមអ្នកវិទ្យាសាស្រ្តចិន បានប៉ាន់ស្មានថា ស្ថានីយ៍ Tiagong-1 នឹងវិលធ្លាក់ត្រឡប់មករកផែនដីវិញ នៅចន្លោះពេលឥឡូវនេះ និងខែមេសា ឆ្នាំ២០១៨។ ទីក្រុងប៉េកាំងបានប្រាប់អង្គការសហប្រជាជាតិ កាលពីខែឧសភាកន្លងទៅ នៅពេលដែល Tiagong-1 ឈានចូលមកក្នុងបរិយាកាសរបស់យើងនោះ UN នឹងត្រូវផ្តល់ដំណឹងជូនភ្លាមៗ អំពីស្ថានការណ៍នោះ។

គួរបញ្ជាក់ថា ហេតុការណ៍នេះត្រូវគេរំពឹងថា នឹងមិនបង្កឲ្យមានមនុស្សរងគ្រោះធ្ងន់ធ្ងរឡើយ ហើយគេក៏មិនទាន់អាចដឹងពីទីតាំង ដែលបំណែកនៃស្ថានីយ៍អវកាសនេះ នឹងធ្លាក់មកលើផែនដីដែរ ដោយសារតែផ្ទៃនៃភពរបស់យើង ត្រូវបានគ្របដណ្តប់ប្រមាណ ៧១ភាគរយ ដោយមហាសមុទ្រនោះ បំណែករបស់ Tiagong-1 នឹងធ្លាក់ចំផ្ទៃទឹកជាជាងផ្ទៃដី។ 

ទោះបីធ្លាប់មានបទពិសោធន៍ក្នុងរឿងដដែលនេះ ពីសំណាក់ភ្នាក់ងារអវកាសអាមេរិក និងរុស្ស៊ី កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ក៏ដោយ ប៉ុន្តែលើកនេះបំណែកយានដែលធ្លាក់មក គឺមានទម្ងន់រហូតដល់ទៅ ១០០គីឡូក្រាម ប្រសិនបើវាធ្លាក់មកដល់ផ្ទៃផែនដី ហើយអ្នកជំនាញខ្លះក៏បានព្រមានផងដែរថា យើងមិនត្រូវគិតថា វានឹងធ្លាក់ក្នុងមហាសមុទ្រដូចពេលមុនៗនោះឡើយ ព្រោះលទ្ធភាពដែលវាអាចបង្កគ្រោះថ្នាក់ ក៏នៅតែមានដែរ៕

ដកស្រង់ពី៖ Fresh News