បណ្តាញសង្គម

ជប៉ុនប្រារព្ធខួប ៧២ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគិ​ ដែលបាន​សម្លាប់មនុស្ស ២១០,០០០នាក់!

(តូក្យូ)៖ នៅចំពោះមុខភាពតានតឹងកាន់តែក្តៅ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង អភិបាលទីក្រុងណាហ្គាសាគីបាននិយាយថា ការភ័យព្រួយជុំវិញការវាយប្រហារ ដោយគ្រាប់បែកនុយក្លេអ៊ែរសាជាថ្មីម្តងទៀតនោះ កំពុងតែកើនឡើងមែនទែនហើយ ក្នុងឱកាសពិធីរំលឹកខួប ៧២ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក មកលើទីក្រុងជប៉ុនមួយនេះ កាលពីសម័យសង្រ្គាមលោកលើកទីពីរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅរសៀលថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។ អភិបាលក្រុងណាហ្គាសាគី លោក Tomihisa Taue បានអំពាវនាវយ៉ាងទទូចដល់បណ្តាមហាអំណាចនុយក្លេអ៊ែរទាំងអស់ បោះបង់ចោលអាវុធប្រល័យលោក និងបានរិះគន់រដ្ឋាភិបាលជប៉ុនផងដែរ ដោយសារតែមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ សំដៅទៅរកការលុបបំបាត់នុយក្លេអ៊ែរ។

ថ្លែងក្នុងឧទ្យានសន្តិភាពនៃទីក្រុងណាហ្គាសាគី លោក Taue បានលើកឡើងថា «ស្ថានការណ៍អន្តរជាតិសព្វថ្ងៃ ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ កំពុងតែតានតឹងឡើងៗ។ជាមួយគ្នានេះ ក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្បើម ក៏កំពុងតែរីករាលដាលទូទាំងសាកលលោកផងដែរថា មិនជាយូរប៉ុន្មានទៀតឡើយ សព្វាវុធទាំងនេះអាចនឹងត្រូវប្រើប្រាស់សាជាថ្មីម្តងទៀតពុំខាន»។លោកអភិបាលក្រុងបានបន្តថា ការគំរាមកំហែងដោយនុយក្លេអ៊ែរ នឹងគ្មានថ្ងៃបញ្ចប់នោះឡើយ ដរាបណាប្រជាជាតិទាំងឡាយនៅតែបន្តអះអាងថា អាវុធនុយក្លេអ៊ែរមានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់សន្តិសុខជាតិរបស់ពួកគេ។

ស្របពេលជាមួយគ្នា ពិធីរំលឹកខួបនៃការទម្លាក់គ្រាប់បែកនេះ ត្រូវបានធ្វើឡើងស្របពេលដែលទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន កំពុងតែធ្វើសង្រ្គាមពាក្យសម្តីព្រមានគ្នាទៅវិញទៅមក ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមកូរ៉េខាងជើងថា នឹងភ្លក្សរសជាតិភ្លើងកំហឹង ដែលពិភពលោកមិនដែលធ្លាប់បានឃើញពីមុនមក បើនៅតែហ៊ានបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកទៀត ខណៈយោធាកូរ៉េខាងជើង បានឆ្លើយតបវិញថា នឹងបាញ់មីស៊ីលផ្លោងវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅលើកោះហ្គាំ ដែលនៅមិនឆ្ងាយពីឧបទ្វីបកូរ៉េប៉ុន្មានឡើយនោះភ្លាម ឲ្យតែប្រមុខដឹកនាំកំពូលផុតលេខ លោក គីម ជុងអ៊ុន ហើបមាត់តែបន្តិច។

គួរបញ្ជាក់ថា កាលពីសម័យសង្រ្គាមលោកលើកទីពីរ គ្រាប់បែកបរិមាណូដំបូងបំផុតរបស់ពិភពលោក ត្រូវបានប្រើប្រាស់កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ទៅលើទីក្រុងហីរ៉ូស៊ីម៉ា ដែលបានផ្តាច់ជីវិតចំនួន ១៤០,០០០នាក់ ខណៈការទម្លាក់គ្រាប់បែកប្រល័យលោកនេះ ទៅលើទីក្រុងណាហ្គាសាគី បានកើតឡើងនៅបីថ្ងៃក្រោយ ដោយមានមនុស្សប្រមាណ ៧០,០០០នាក់ថែមទៀត បានបាត់បង់ជីវិត៕

ដកស្រង់ពី៖Fresh News