បណ្តាញសង្គម

រយៈពេល ២០០ថ្ងៃក្នុងអំណាច ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបង្កការខ្វែងគំនិតគ្នា​ក្នុងសង្គមដដែល!

 (វ៉ាស៊ីនតោន)៖ រយៈពេលចំនួន ២០០ថ្ងៃ កន្លងផុតទៅហើយចាប់តាំងតែពី លោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក ប៉ុន្តែប្រជាជននៅក្នុងប្រទេសមហាអំណាចពិភពលោកមួយនេះ នៅតែមានទស្សនៈផ្ទុយគ្នាដដែល ជុំវិញសំណួរថា តើគួរតែទទួលយក ឬមួយក៏ប្រឆាំងការដឹកនាំជាតិរបស់ លោក ត្រាំ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។ យោងតាមការស្ទង់មតិមួយចេញផ្សាយដោយ ស្ថានីយ៍ទូរទស្សន៍ CNN ក្នុងសប្តាហ៍នេះបានបង្ហាញឲ្យឃើញថា កម្រិតគាំទ្ររបស់ លោក ដូណាល់ ត្រាំ នៅក្នុងចំណោមអ្នកសាធារណរដ្ឋ បានធ្លាក់ចុះពី ៧៣ភាគរយ កាលពីខែកុម្ភៈមកនៅត្រឹម ៥៩ភាគរយ ប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋអាមេរិក សរុបដល់ទៅមួយភាគបួនបានឲ្យដឹងថា ពួកគេមិនអាចជឿទុកចិត្តលើ អ្វីដែលពួកគេលឺចេញពីសេតវិមាននោះឡើយ។

មនុស្សមួយចំនួនបានបន្ទោស លោក ដូណាល់ ត្រាំ ដែលបានទទួលបរាជ័យក្នុងអនុម័តច្បាប់ ដើម្បីលុបចោល និងជំនួសច្បាប់ធានារ៉ាប់រងសុខភាព Obamacare ដែលបានបន្សល់ទុកពីអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា រួមទាំងការកោះហៅឲ្យមានឧត្តមអង្គជំនុំជម្រះ ដោយរដ្ឋអាជ្ញាពិសេស លោក Robert Mueller ដែលមាននាទីស៊ើបអង្កេតលើទំនាក់ទំនង រវាងរដ្ឋាភិបាលរុស្ស៊ី និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ត្រាំ ថែមទៀត។

ដោយឡែកក្រុមអ្នកគាំទ្រយ៉ាងងប់ងល់របស់ លោក ដូណាល់ ត្រាំ វិញបានសាទរការប្រយុទ្ធប្រឆាំងរបស់លោក ចំពោះបណ្តាញសារព័ត៌មានអាមេរិក ដែលត្រូវបានថ្កោលទោសដោយ លោក ត្រាំ ថាបានធ្វើសេចក្តីរាយការណ៍បំភ្លៃមិនពិតប្រាកដ។ ពួកគេទាំងនេះ ក៏បានកោតសរសើរលោកប្រធានាធិបតីអាមេរិករូបនេះ សម្រាប់ការធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍របស់លោកផងដែរ បើតាមលទ្ធផលចេញពីការស្ទង់មតិជាច្រើនកន្លងមក។

គួរបញ្ជាក់ថា បន្ទាប់ពីបានទទួលជ័យជម្នះគួរឲ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យមកពីទីក្រុងញូយ៉ក បានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក បន្តពីលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕

ដកស្រង់ពី៖ Fresh News