បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទសអាមេរិក «ចង់អង្គុយទល់មុខគ្នា ពិភាក្សាផ្ទាល់ជាមួយកូរ៉េខាងជើង» ដើម្បីចរចាកម្មវិធីមីស៊ីល-នុយក្លេអ៊ែរ!

 (សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នៅថ្ងៃចន្ទនេះបាននិយាយាថា លោកអាចនឹងអង្គុយ ហើយពិភាក្សាជាមួយកូរ៉េខាងជើង នៅពេលវេលាសាកសមណាមួយ។

តែដំបូងគេបង្អស់ កូរ៉េខាងជើងត្រូវឈប់ធ្វើតេស្ដមីស៊ីលជាមុនសិន បើសិនជាចង់ចរចាជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។ ការថ្លែងបែបនេះរបស់ លោក ធីល្លឺសុន ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន លើទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបាញ់មីស៊ីលផ្លោង ICBM ទាំងពីរលើកកាលពីខែកក្កដា កន្លងទៅ។

ទណ្ឌកម្មនៃដំណោះស្រាយលេខ ២៣៧១ ដែលត្រូវបានអនុម័តកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) គឺមានគោលបំណងកាត់ បន្ថយប្រាក់ចំណូលប្រចាំឆ្នាំជាង ០៣ពាន់លានដុល្លារ នៃការនាំចេញរបស់កូរ៉េខាងជើង ក្នុងនោះរួមមានទំាងការហាមឃាត់ ការនាំចេញ ធ្យូងថ្ម ដែក រ៉ែដែក ទង់ដែង ជាដើម។ ទណ្ឌកម្មថ្មីនេះ ក៏បានអំពាវនាវឱ្យមានការកាត់បន្ថយ ចំនួនពលករកូរ៉េខាងជើងនៅឯបរទេស  ក៏ដូចជាដាក់កំហិតលើការបង្កើតក្រុមហ៊ុន និងការវិនិយោគនៅតាមបណ្ដាក្រុមហ៊ុនជាមួយកូរ៉េខាងជើងផងដែរ។

ក៏ប៉ុន្តែនៅក្នុងដំណោះស្រាយដាក់ទណ្ឌកម្មថ្មីនេះ មិនមានការរឹតបន្តឹងការនាំចេញប្រេង ទៅកាន់ទីក្រុងព្យុងយ៉ាងនោះទេ ដោយហេតុថា ចិន និងរុស្ស៊ី ខ្លាចក្រែងថា វាអាចនឹងធ្វើឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេសកូរ៉េខាងជើង។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យ៉ី កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យកូរ៉េខាងជើង គោរពតាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយថាទីក្រុងព្យុងយ៉ាងខ្លួន ឯងគួរតែមានភាពវ័យឆ្លាតនៅក្នុងការសម្រេចចិត្ត៕

ដកស្រង់ពី៖ Fresh News