បណ្តាញសង្គម

BREAKING NEWS: ទណ្ឌកម្មធ្លាក់ពីលើមេឃ! ទីបំផុត «ទ្រព្យសម្បត្តិប្រធានាធិបតីវេណេស៊ុយអេឡាទាំងអស់ នៅសហរដ្ឋអាមេរិកត្រូវបង្កក» ដោយសារភាពរឹងទទឹងនឹងការព្រមាន របស់វ៉ាស៊ីនតោន!

(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារជាតិអាមេរិកបានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយថែមទំាងចាត់ទុកដែរថា សភាធម្មនុញ្ញថ្មីដែលទើបតែជាប់ឆ្នោតកាលពីថ្ងៃអាទិត្យ គឺជាស្ថាប័នខុសច្បាប់។

 សភាធម្មនុញ្ញថ្មីនេះ គឺមានសិទ្ធិអំណាចកែរដ្ឋធម្មនុញ្ញ រហូតដល់រំលោយសភារបស់គណបក្សប្រឆាំងទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

យោងតាមការធ្វើបច្ចុប្បន្នភាពលើបញ្ជីខ្មៅរបស់ខ្លួន បន្ទាប់ពីបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ១៣នាក់ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស នៃក្រសួងរតនាគារជាតិអាមេរិកបានបញ្ជាក់ថា លោក ម៉ាឌូរ៉ូ ត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបញ្ជីខ្មៅ ដែលនេះមានន័យថា ទ្រព្យសម្បត្តិរបស់លោកនៅសហរដ្ឋអាមេរិកទាំងអស់ត្រូវបានបង្កក ហើយពលរដ្ឋអាមេ រិកទាំងអស់មិនអាចធ្វើពាណិជ្ជកម្ម ជាមួយប្រធានាធិបតីរូបនេះទេ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោក Steven Mnuchin ក៏បានអះអាងដែរថា សេតវិមានបានចាត់ទុកថា ការបោះឆ្នោតសភាធម្មនុញ្ញ គឺផ្ទុយទៅនឹងច្បាប់ រីឯលោក ម៉ាឌូរ៉ូ ជាអ្នកទទួលខុសត្រូវទាំងស្រុង។

គួរបញ្ចាក់ថា បើទោះជាមានការជំទាស់ពីគណបក្សប្រឆាំង និងការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ នៅទីបំផុតសភាធម្មនុញ្ញថ្មីមួយ នៅតែត្រូវបានបង្កើតឡើងតាមការចង់បាន របស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយប្រជាជនវេណេស៊ុយអេឡា ៤១.៥ភាគរយ ឬ៨លាននាក់ បានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ជ្រើសរើសសមាជិកសភាធម្មនុញ្ញថ្មីទំាង ៥៤៥នាក់។

ក៏ប៉ុន្តែគ្រាន់តែឈ្នះឆ្នោតភ្លាម លោក ម៉ាឌូរ៉ូ បានបង្ហាញពីបំណងប្រាថ្នាទីមួយ ទៅកាន់សភាធម្មនុញ្ញថ្មីឱ្យដកអភ័យឯកសិទ្ធិ របស់សមាជិកសភាពបក្សប្រឆាំងមួយចំនួន ដើម្បីយកមក កាត់ទោសតាមផ្លូវច្បាប់នូវអី្វដែលលោកផ្ទាល់ចោទថា តំណាងរាស្រ្ដបក្សប្រឆាំងបានព្យាយាមធ្វើរដ្ឋប្រហារសភា និងញុះញង់ឱ្យមានបាតុកម្មតវ៉ាប្រឆាំងនឹង រដ្ឋាភិបាលនៅទូទំាងប្រទេស ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១២០នាក់ បាត់បង់ជីវិត ក្នុងបាតុកម្មតវ៉ាអស់រយៈពេលជាង ០៤ខែមកនេះ៕

ដកស្រង់ពី៖FRESH NEW