បណ្តាញសង្គម

មិនសូវស្រួល! អាមេរិកអះអាងថា «នាវាមុជទឹកកូរ៉េខាងជើង កំពុងចល័តខុសពីធម្មតាក្នុងសមុទ្រជប៉ុន» សង្ស័យត្រៀមបាញ់មីស៊ីលចេញពីក្នុងទឹក!

(ដាម៉ាស់)៖ គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការធ្វើតេស្ត និងប្រកាសជោគជ័យជាលើកទីពីរចំពោះ គ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ICBM ប្រទេសកូរ៉េខាងជើងបានបង្ហាញសញ្ញាមិនស្រួលថ្មីទៀត នោះគឺការចល័តនាវាមុជទឹកខុសពីធម្មតា នៅក្នុងសមុទ្រជប៉ុន ដែលសហរដ្ឋអាមេរិកបានអះអាងថា «គឺជាសកម្មភាពខុសពីធម្មតាខ្លាំង និងក្នុងកម្រិតមួយដែលមិនអាចប៉ាន់ស្មានបានផងដែរ»។

នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន CNN នាព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។ មន្ត្រីអាមេរិកបានលើកឡើង នៅដើមសប្តាហ៍នេះថា គេពុំទាន់អាចសន្និដ្ឋានថា  ទីក្រុងព្យុងយ៉ាងបានរៀបចំធ្វើតេស្តអ្វីមួយផ្សេងទៀតនៅឡើយទេ។

ចំពោះតេស្តដែលអាមេរិកលើកឡើងនេះ គឺចង់សំដៅទៅលើការបាញ់មីស៊ីល ចេញពីនាវាមុជទឹក ដោយប្រើប្រាស់បច្ចេកវិទ្យា នៃប្រព័ន្ធបាញ់មីស៊ីល cold-launch system ដោយប្រើប្រាស់កម្លាំងបុកដ៏ខ្លាំងនៃចំហាយទឹក  ដើម្បីរុញច្រានគ្រាប់មីស៊ីលចេញពីនាវាមុជទឹក រួចទើបមីស៊ីលផុសចេញទៅលើអាកាស  បន្ទាប់មកគ្រាប់មីស៊ីល នឹងត្រូវរុញច្រានបន្តដោយចំហេះ ដែលការធ្វើបែបនេះគឺជាដើម្បីជៀសវាង ការបង្កឲ្យខូចខាតដល់នាវាមុជទឹក។

គួរបញ្ជាក់ថា ប្រសិនបើលើកនេះកូរ៉េខាងជើង ធ្វើតេស្តបាញ់មីស៊ីលចេញពីនាវាមុជទឹកនោះ វានឹងក្លាយជាលើកទី៤ហើយ  ខណៈសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ កំពុងតែមានការព្រួយបារម្ភកម្រិតខ្ពស់ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាខាងលើនេះ ដែលកូរ៉េខាងជើង កំពុងខ្នះខ្នែងបង្កើតឡើងយ៉ាងលឿនលើសការស្មាន។

បច្ចុប្បន្នអាមេរិក កំពុងតែស្វែងរកវិធីដោះស្រាយបញ្ហា ដែលគេចមិនផុតទេចំពោះការបន្តអំពាវនាវឲ្យចិន និងរុស្ស៊ីជួយ ខណៈដែលទណ្ឌកម្ម និងសំពាធផ្សេងៗទៀតកន្លងមកនេះ បានក្លាយជាផ្សែងរសាត់តាមខ្យល់បាត់ទៅហើយ សម្រាប់ទីក្រុងព្យុងយ៉ាង៕

ដកស្រង់ពី៖ Fresh News