បណ្តាញសង្គម

ត៌មានរសើបបំផុត៖ «កងកម្លាំងពិសេសកូរ៉េខាងត្បូង បញ្ជាផ្ទាល់ដោយ លោក មូន ជែអ៊ីន កំពុងត្រៀមធ្វើឃាត លោក គីម ជុងអ៊ុន និងវាយប្រហារទ្រង់ទ្រាយធំលើកូរ៉េខាងជើង»

(សេអ៊ូល)៖ កងកម្លាំងពិសេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការ បើកការវាយប្រហារលើទីបញ្ជាការយោធា រោងចក្រនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ហើយដែលផែនការនេះទៀតសោត  អាចនឹងត្រូវបានដឹកនាំដោយកងកម្លាំងពិសេស នៃប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅក្នុងករណីបន្ទាន់ ឬចាំបាច់។

នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូង Munwha Ilbo ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។ យោងតាម Munwha Ilbo ប្រធានសេនាធិការយោធា និងក្រសួងការពារជាតិកូរ៉េខាងត្បូង ត្រូវបានចាត់តាំងឱ្យរៀបចំ  និងដឹកនាំប្រតិបត្តិការនេះ ដោយមានទំាងការចូលរួមពីយន្ដហោះ ចម្បាំង F-15 ដែលមានគោលដៅវាយប្រហារទៅលើ  ទីបញ្ជាការកណ្ដាលយោធាកូរ៉េខាងជើង ជាពិសេសគឺបង្អួចការិយាល័យរបស់ លោក គីម ជុងអ៊ុន នៅក្នុងទីក្រុងព្យុងយ៉ាងតែម្ដងនៅក្នុងករណីចាំបាច់។

ផែនការនេះផ្ដួចផ្ដើមឡើងកាលពីខែ៣១ ខែមីនា កន្លងទៅ ហើយជាងនេះទៅទៀត សារព័ត៌មាននេះដដែល ក៏បានរាយការណ៍ដែរថា លោក មូន ជែអ៊ីន បានស្នើឱ្យមានការបង្កើតកងកម្លាំងពិសេសថ្មី មានចំនួនពី ១,០០០ ទៅ ២,០០០នាក់ ដើម្បីសម្លាប់ លោក គីម ជុងអ៊ុន និងបំផ្លាញទីបញ្ជាការយោធាកូរ៉េខាងជើង បើសិនជាសង្រ្គាមផ្ទុះឡើង។

គួររំលឹកថា កាលពីថ្ងៃទី០៤ ខែកក្កដា មានសេចក្ដីរាយការណ៍មួយថា នៅពេលលោក គីម ជុងអ៊ុន ទស្សនាការធ្វើតេស្ដមីស៊ីលផ្លោង ICBM កងកម្លាំងពិសេសអាមេរិកអាចសម្លាប់មេដឹកនាំរូបនេះបាន ប៉ុន្តែបែរជាមិនបានបាញ់ទៅវិញ។ ម្យ៉ាងវិញទៀត ដោយសារតែព័ត៌មានទាំងនេះឯង ទើបកូរ៉េខាងជើង ចេះតែមានលេសបាញ់សាកល្បង និងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ឥតឈប់ឈរដោយអះអាងថា ដើម្បីការពារការឈ្លានពានពីសហរដ្ឋអាមេរិក និងទប់ស្កាត់ការប៉ុនប៉ងសម្លាប់របស់ពួកគេ៕

\

ដកស្រង់ពី៖ Fresh News