បណ្តាញសង្គម

ក្តៅគគុក! តែមួយថ្ងៃ «កងទ័ពអាហ្វហ្គានីស្ថាន ផ្តាច់ជិវិតក្រុមសកម្មប្រយុទ្ធជិត ១០០នាក់» ក្នុងប្រតិបត្តិការទូទាំងប្រទេស!

 (កាប៊ុល)៖ កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន (ANDSF) បានផ្តាច់ជីវិតពួកឧទ្ទាមសរុប ៩៨នាក់ នៅទូទាំងផ្ទៃប្រទេស គិតចាប់តាំងតែពីព្រលឹម ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះមក។

នេះបើតាមការឲ្យដឹងពី ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។ ក្រសួងខាងលើបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ កងកម្លាំង ANDSF បានបើកប្រតិបត្តិការក្តៅគគុកប្រឆាំងភេរវកម្ម ដើម្បីបោសសម្អាតក្រុមភេរវករ និងសត្រូវទាំងឡាយចេញពីតំបន់មួយចំនួន ដើម្បីស្តារសន្តិភាពក៏ដូចជាស្ថិរភាព នៃអាហ្វហ្គានីស្ថាន ហើយបានផ្តាច់ជីវីតក្រុមឧទ្ទាមប្រដាប់អាវុធប្រមាណ ៩៨នាក់ និងបានបង្កឲ្យរបួស ៣៦នាក់ផ្សេងទៀត»។

បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ សមាជិកមួយចំនួនរបស់ក្រុមឧទ្ទាមតាលីបង់ រួមទាំងអ្នកប្រយុទ្ធ ISIS ចំនួន០៤នាក់ ក៏បានបាត់បង់ជីវិតក្នុងអំឡុងប្រតិបត្តិការយោធានេះផងដែរ។

គួរបញ្ជាក់ថា កងទ័ពអាហ្វហ្គានីស្ថាន បានបង្កើនការធ្វើប្រតិបត្តិការសន្តិសុខយ៉ាងសកម្ម ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធក្នុងអំឡុងពេលថ្មីៗនេះ ស្របដែលពេលចំនួននៃការវាយប្រហារដោយ ក្រុមឧទ្ទាមតាលីបង់ និងក្រុមភេរវករ ISIS បានកើនឡើងយ៉ាងសម្បើម នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ៕

ដកស្រង់ពី៖ Fresh News