បណ្តាញសង្គម

CEO នៃក្រុមហ៊ុនផលិតយន្តហោះកូរ៉េខាងត្បូង KAI «នឹងចុះចេញពីតំណែង ពាក់ព័ន្ធរឿងពុករលួយ»

  (សេអ៊ូល)៖ ឧស្សាហកម្មយន្តហោះកូរ៉េ KAI ដែលជាក្រុមហ៊ុនផលិតយន្តហោះតែមួយគត់ របស់ប្រទេសកូរ៉េខាងត្បូងនោះ  បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន នឹងចុះចេញពីតំណែង បន្ទាប់ពីក្រុមរដ្ឋអាជ្ញា បានចុះធ្វើការឆែកឆេរក្នុងការិយាល័យក្រុមហ៊ុន កាលពីសប្តាហ៍មុន ក្រោមការសង្ស័យពីបទប្រព្រឹត្តអំពើពុករលួយ  នៅក្នុងគម្រោងការពារជាតិធំៗមួយចំនួន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។ CEO របស់ KAI លោក Ha Sung-yong នឹងលើកឡើងអំពីការលាលែងពីតំណែង នៅពេលដែលគណៈនាយករបស់ក្រុមហ៊ុន  ជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ។ ម៉្យាងវិញទៀត ក្រុមហ៊ុន នឹងរៀបចំចាត់ចែងកិច្ចប្រជុំ ម្ចាស់ភាគហ៊ុនវិសាមញ្ញមួយ ឲ្យឆាប់រហ័ស តាមដែលអាចធ្វើបាន ដើម្បីជ្រើសរើសអ្នកឡើងកាន់តំណែងបន្ត។នេះបើតាមសេចក្តីថ្លែងការណ៍មួយ របស់ក្រុមហ៊ុន KAI ផ្ទាល់។

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្រុមរដ្ឋអាជ្ញាបានចុះធ្វើការឆែកឆេរ ទីស្នាក់ការរបស់ក្រុមហ៊ុន KAI នៅឯទីក្រុង Sacheon ដែលស្ថិតនៅចម្ងាយ ៤៣៧គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល រួមទាំងការិយាល័យរបស់ក្រុមហ៊ុន នៅសេអ៊ូលផ្ទាល់ ដើម្បីប្រមែប្រមូលភស្តុតាង ពាក់ព័ន្ធនឹងការសង្ស័យក៏ដូចជារឿងអាស្រូវដែលថា ក្រុមហ៊ុននេះ បានបំប៉ោងការចំណាយ សម្រាប់គម្រោងអភិវឌ្ឍន៍យន្តហោះយោធា ហើយឆ្លៀតឱកាសកេងយកលុយ ចូលហោប៉ៅរបស់ខ្លួនដោយខុសច្បាប់ ក្នុងដំណើរការទាំងនោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ សវនកររដ្ឋកូរ៉េខាងត្បូងបានរកឃើញថា ក្រុមហ៊ុន KAI ទទួលបានចំណូលដោយមិនស្របច្បាប់ ក្នុងតម្លៃដល់ទៅ ២៤ពាន់លានវ៉ុន (២១លានដុល្លារអាមេរិក) តាមរយៈការកេងចំណេញពីថវិកា គម្រោងអភិវឌ្ឍន៍ឧទ្ធម្ភាគចក្រ Surion។ ដោយសាររឿងនេះហើយ លោក Ha និងមន្រ្តីក្រុមហ៊ុន KAI មួយចំនួនទៀត ត្រូវបានហាមឃាត់មិនឲ្យឈានជើង ចាកចេញពីប្រទេសនោះឡើយ ថែមទាំងនឹងត្រូវប្រឈមមុខការសាកសួរចម្លើយទៀតផង ក្រោយពីក្រុមរដ្ឋអាជ្ញា បញ្ចប់ការវិភាគត្រួតពិនិត្យ ទៅលើវត្ថុតាងនានា ដែលរឹបអូសយកបាន។

ក្រុមហ៊ុន KAI បានចូលរួមពាក់ព័ន្ធក្នុងគម្រោងការពារជាតិធំៗជាច្រើន ដើម្បីអភិវឌ្ឍន៍ឧទ្ធម្ភាគចក្រយោធាធុន Surion, យន្តហោះហ្វឹកហ្វឺន T-50, និងយន្តហោះចម្បាំង FA-50 របស់ប្រទេសកូរ៉េខាងត្បូង៕

ដកស្រង់ពី៖ Fresh News