បណ្តាញសង្គម

លោក ដូណាល់ ត្រាំ «ឈ្លោះទាស់ទែងជាមួយទូរទស្សន៍ CNN ទៀតហើយ» ពាក់ព័ន្ធនឹងរឿងអាស្រូវលួចមានទំនាក់ទំនង​សម្ងាត់ ជាមួយរុស្ស៊ី!

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយសារតែរឿងអាស្រូវ នៃការលួចមានទំនាក់ទំនងសម្ងាត់ជាមួយ រុស្ស៊ី ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញមួយចំនួននិយាយថា វាគ្រាន់តែជាការស្លន់ស្លោរ និងការប្រកាន់ឥរិយាបទស្ដង់ដារពីរ របស់ប្រព័ន្ធផ្សព្វផ្សាយខ្លះតែប៉ុណ្ណោះ ខណៈដែលលោក ត្រាំ បានបង្ហោះសារស្តីបន្ទោស CNN ធ្ងន់ៗសាជាថ្មី។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ សង្រ្គាមពាក្យសម្ដីរវាងលោក ត្រាំ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាពិសេសគឺ CNN ផ្ទុះឡើងបន្ទាប់ពីការលេចធ្លាយនូវ រឿងអាស្រូវមួយផ្សេងទៀតដែលថា កូនប្រុសរបស់លោកគឺលោក Donald Trump Jr. បានជួបពិភាក្សាជាមួយមេធាវីរុស្ស៊ីម្នាក់ ពាក់ព័ន្ធនឹងព័ត៌មានមិនល្អ នៃអតីតបេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន។

ចំណែកឯ ក្រុមអ្នករិះគន់ប្រធានាធិបតីអាមេរិក ដ៏ចម្រូងចម្រាស់រូបនេះ ក៏បានអះអាងដែរថា នេះគឺជាភស្ដុតាងបង្ហាញយ៉ាងច្បាស់ ពីការឃុបឃិតរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ត្រាំ ជាមួយរុស្ស៊ី បើទោះបីជាមេធាវីរូបនោះ និងទីក្រុងម៉ូស្គូបានបដិសេធក៏ដោយ។ ដោយឡែកជុំវិញបញ្ហានេះដែរ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ អ្នកជំនាញផ្នែកយុទ្ធសាស្ត្រ មកពីគណបក្សសាធារណៈរដ្ឋ លោក Ford O'Connell បានលើកឡើងយ៉ាងដូច្នេះថា «ប្រព័ន្ធផ្សព្វផ្សាយខ្លះចាប់ផ្ដើមឡប់ឡែរចំពោះរឿងនេះ ដោយពួកគេមើលឃើញថា វាគឺជាបទឧក្រិដ្ឋ ទាំងវាមិនមែនជាការពិត... ពួកគេចង់ឱ្យវាក្លាយជាបទឧក្រិដ្ឋ ប៉ុន្តែគ្មានភស្ដុតាណាមួយបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានរំលោភលើច្បាប់នោះទេ»។

គួរបញ្ជាក់ថា ក្រោយរឿងអាស្រូវរបស់កូនប្រុសខ្លួនត្រូវបាន CNN ចុះផ្សាយ លោក ដូណាល់ ត្រាំ បានចោទប្រកាន់ជាថ្មីថា CNN គឺជាព័ត៌មានក្លែងក្លាយ ហើយលោកថែមទាំងបានបង្ហោះ វីដេអូចំអកដល់ស្ថានីយ៍ទូរទស្សន៍មួយនេះទៀតផង ដោយតែបានចោទថា លោក ត្រាំ បានធ្វើសកម្មភាពគាំទ្រឱ្យមានការប្រព្រឹត្តអំពើហិង្សា៕

ដកស្រង់ពី៖ Fresh News