បណ្តាញសង្គម

ទឹកជំនន់យ៉ាងគំហុក «វាយលុកភាគនិរតីសហរដ្ឋអាមេរិក និងបានផ្តាច់ជីវិតមនុស្ស ០៩នាក់យ៉ាងទាន់ហន់»

 (វ៉ាស៊ីនតោន)៖ មនុស្ស០៩នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទឹកជំនន់បានវាយប្រហារ លើក្រុមអ្នកហែលទឹកកម្សាន្ត នៅឯតំបន់ព្រៃធម្មជាតិក្នុងរដ្ឋ Arizona ភាគនិរតីសហរដ្ឋអាមេរិក ខណៈក្មេងជំទង់ម្នាក់នៅតែ បន្តបាត់ខ្លួននៅឡើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។ យោងតាមអាជ្ញាធរនៅក្នុងតំបន់ គ្រោះទឹកជំនន់នេះបានកើតឡើង កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) នៅចំពេលមនុស្សម្នាច្រើនជាង ១០០នាក់ កំពុងហែលទឹកកម្សាន្ត នៅឯតំបន់ព្រៃធម្មជាតិ Tonto ហើយក្នុងចំណោមជនរងគ្រោះទាំង ០៩នាក់ខាងលើ មានពីរនាក់ជាកុមារ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ពួកអ្នកហែលទឹកទំាងអស់ ពុំបានទទួលការព្រមាន ណាមួយពីអាជ្ញាធរជាមុននោះទេ ក្រៅតែពីការស្រែកប្រកាសអាសន្ន នៅពេលទឹកជំនន់បានហូរនាំភក់ដ៏ច្រើន គ្របដណ្ដប់តំបន់កម្សាន្តដ៏មានប្រជាប្រិយភាពនេះ។ យ៉ាងណាក៏ដោយហេតុការណ៍បែបនេះ មិនមែនទើបតែកើតឡើងជាលើកទីមួយនោះទេ។ «វាកើតឡើងស្ទើរតែជារៀងរាល់ឆ្នាំ ហើយខ្ញុំសង្ឃឹមថា យើងនឹងមានមធ្យោបាយល្អ ដើម្បីរារាំងមនុស្ស កុំឱ្យចូលទៅកម្សាន្តនៅទីនោះ នៅអំឡុងរដូវមានព្យុះមូសុងនេះ»។ នេះគឺជាការលើកឡើងរបស់ប្រធានក្រុមអ្នកពន្លត់អគ្គិភ័យ លោក Ron Sattelmaier៕

ដកស្រង់ពី៖ Fresh News