បណ្តាញសង្គម

កងទ័ពស៊ីរីអះអាងថា «រកឃើញគ្រាប់មីស៊ីលកម្ទេចរថក្រោះ របស់អាមេរិកចំនួន ៣០គ្រាប់» នៅក្នុងខេត្ត Latakia!

(ស៊ីរី)៖ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានរកឃើញឃ្លាំងស្ដុកមួយ ដែលមានមីស៊ីលប្រឆាំងរថក្រោះ របស់សហរដ្ឋអាមេរិកជិត ៣០គ្រាប់ នៅក្នុងខេត្ត Latakia នៅអំឡុងប្រតិបត្តិការបោសសំអាត គ្រាប់មីននៅទីនោះ។

នេះបើតាមមេបញ្ជាការយោធាខេត្ត Latakia លោកឧត្តមសេនីយ៍ Rafi Muhammad Magdi ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។ យោងតាម លោក Magdi កងកម្លាំងស៊ីរីបានបោសសំអាតគ្រាប់មីន ឬឧបករណ៍ផ្ទុះជាង ៨០០គ្រាប់ នៅតាមតំបន់ចំនួន ១១ ក្នុងខេត្ត Latakia ចាប់តាំងពីការផ្ដើមធ្វើប្រតិបត្តិការ កាលពីដើមខែកក្កដាមក។

លោក Magdi បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «ចាប់តាំងពីការផ្ដើមប្រតិបត្តិការ បោសសំអាតគ្រាប់មីន ជិតមួយខែមកនេះ នៅតាមតំបន់ចំនួន ១១ នៃខេត្ត Latakia... មានគ្រាប់មីន ឬឧបករណ៍ផ្ទុះ ៨០០គ្រាប់ ត្រូវបានរកឃើញ បន្ទាប់ពីសកម្មប្រយុទ្ធបានចាកចេញពីតំបន់ទាំងនោះ ក្នុងនោះក៏រួមមានទំាងមីស៊ីលប្រឆាំងរថក្រោះ របស់សហរដ្ឋអាមេរិកប្រមាណ ៣១គ្រាប់ផងដែរ»។

គួរបញ្ជាក់ថា រុស្ស៊ី អ៊ីរ៉ង់ និងតួកគី បានព្រមព្រៀងគ្នាលើបទឈប់បាញ់ជាច្រើនសារ តួយ៉ាងកាលពីថ្ងៃទី០៦ ខែឧសភា បទឈប់បាញ់បានពង្រីកវិសាលភាពដល់ខេត្ត Idlib និងផ្នែកខ្លះនៃខេត្ត Latakia, Hama, Aleppo និងខេត្ត Homs រួមទំាងតំបន់ Eastern Ghouta ក្បែរទីក្រុង Damascus ក៏ដូចជាភាគខាងត្បូងនៃតំបន Daraa និង Quneitra។ ប៉ុន្តែភាគីជម្លោះទំាងអស់ តែងតែចោទគ្នាទៅវិញទៅមកជាប្រចាំ ពាក់ព័ន្ធនឹងការរំលោភលើបទឈប់បាញ់៕

ដកស្រង់ពី៖ Fresh News