បណ្តាញសង្គម

ក្តៅគគុក! រុស្ស៊ីប្រកាសថា «គ្មានជម្រើសអ្វីក្រៅពីសងសឹកអាមេរិក» ដែលនឹងមានការបណ្តេញមន្ត្រីទូតអាមេរិក ចេញពីប្រទេស និងរឹបអូសស្ថានទូត!

 (ម៉ូស្គូ)៖ រុស្ស៊ីគ្មានជម្រើសអី្វផ្សេងនោះឡើយ ក្រៅពីចាត់វិធានការសងសឹក តបតនឹងសហរដ្ឋអាមេរិក ចំពោះការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការប្រគល់អលចលទ្រព្យការទូត ចំនួនពីរកន្លែង របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ដែលស្ថិតក្នុងទីក្រុងញូយ៉ក និងរដ្ឋម៉ារីលែន។

នេះបើតាមការលើកឡើងពី ប្រធានគណៈកម្មាធិការ កិច្ចការបរទេសនៃសភាជាន់ខ្ពស់រុស្ស៊ី លោក Konstantin Kosachev ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។ នាថ្ងៃចន្ទនេះមន្រ្តីជាន់ខ្ពស់មួយរូប របស់សេតវិមានអាមេរិកបានថ្លែងថា អចលទ្រព្យទាំងពីរនោះ ដែលត្រូវបានរឹបអូសកាលពីខែធ្នូ ឆ្នាំ២០១៦ ដោយសាររឿងមន្ទិលសង្ស័យដែលថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបានចូលលូកដៃក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦នោះ នឹងត្រូវប្រគល់ជូនប្រទេសរុស្ស៊ីវិញ លុះត្រាតែស្ថិតក្រោមលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីនតោននឹងទទួលបានអ្វីម៉្យាង ជាការតបស្នងវិញពីរុស្ស៊ី។

ជុំវិញការលើកឡើងនេះ លោក Konstantin Kosachev បានថ្លែងទៅវិញយ៉ាងដូច្នេះថា «ក្នុងករណីនេះ ភាគីរុស្ស៊ីទំនងជាពុំមានជម្រើសអ្វីផ្សេងនោះឡើយ... វាដល់ពេលដែលត្រូវធ្វើការសងសឹកតបតទៅវិញហើយ។ នេះមិនមែនជាជម្រើសរបស់យើងនោះទេ វិធានការទាំងនេះនឹងត្រូវធ្វើឲ្យដោយបង្ខំចិត្ត ក៏ប៉ុន្តែពួកវាចាំបាច់ត្រូវតែអនុវត្តន៍»។ចំពោះវិធានការសងសឹកទាំងនោះវិញ គេពុំទាន់ដឹងច្បាស់ថា រុស្ស៊ីនឹងធ្វើយ៉ាងណានៅឡើយទេ ក៏ប៉ុន្តែបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ប្រទេសរុស្ស៊ី នឹងបណ្តេញមន្រ្តីទូតអាមេរិក រួមទាំងរឹបអូសទ្រព្យសម្បត្តិមួយចំនួនវិញ នៅក្នុងទីក្រុងម៉ូស្គូ ប្រសិនបើជំនួបរវាងអនុរដ្ឋមន្រ្តីអាមេរិក និងរុស្ស៊ីនាពេលខាងមុខនេះ បញ្ចប់ទៅដោយពុំមានកិច្ចព្រមព្រៀងអ្វីទាំងអស់នោះ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញបទបញ្ជាឲ្យធ្វើការបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ៣៥នាក់ ដែលសង្ស័យថា បានលួចស៊ើបយកការណ៍នៅសហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានបិទទីតាំងអគារចំនួនពីរកន្លែង ដែលជាកម្មសិទ្ធិរបស់ស្ថានទូតរុស្ស៊ីផងដែរ ដោយវិធានការទាំងនេះ ត្រូវបានធ្វើឡើង ជាការឆ្លើយតបចំពោះមន្ទិលសង្ស័យដែលថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចូលជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក៕

ដកស្រង់ពី៖ Fresh News