បណ្តាញសង្គម

លោក ដូណាល់ ត្រាំ «បំពេញទស្សនកិច្ចនៅប្រទេសបារាំង និងចូលរួមពិធីបុណ្យជាតិ Bastille Day» នៅទីក្រុងប៉ារីស!

(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមនិងភរិយា បានធ្វើដំណើរមកដល់ប្រទេសបារាំងហើយ នាថ្ងៃព្រហស្បតិ៍នេះ នៅឯអាកាសយានដ្ឋាន Orly ភាគខាងត្បូងនៃទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស Daily Mail (Mail Online) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។ លោក ដូណាល់ ត្រាំ បានមកដល់រដ្ឋធានីនៃប្រទេសបារាំង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅប៉ារីស) បន្ទាប់បានធ្វើការហោះហើរទាំងយប់ ចេញពីរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានម៉ោងមុនជំនួបពិភាក្សារវាងរូបលោក និងប្រធានាធិបតីបារាំង លោក Emmauel Macron ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាសំខាន់ៗមួយចំនួន រួមមានវិបត្តិនៅស៊ីរីជាដើម និងរិះរកយុទ្ធសាស្រ្តបង្ក្រាបអំពើភេរវកម្ម ដែលមានភាពទូលំទូលាយជាងមុន។

គួរបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីសនេះ លោក ត្រាំ ក៏នឹងធ្វើការអបអរខួបគម្រប់ ១០០ឆ្នាំ នៃការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមលោកលើកទីមួយ តាមរយៈការចុះសួរសុខទុក្ខកងទ័ពអាមេរិកនៅទីនោះ និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងបុណ្យជាតិបារាំង Bastille Day ផងដែរ៕

ដកស្រង់ពី៖ Fresh News