បណ្តាញសង្គម

តំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វរញ៉ា «កំពុងរៀបចំនីតិវិធី ទាមទារឲ្យទម្លាក់ លោក ដូណាល់ ត្រាំ ចេញពីតំណែង​ប្រធានាធិបតីអាមេរិក»

(វ៉ាស៊ីនតោន)៖ តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋ California លោក Brad Sherman បានដាក់ចេញដំណោះស្រាយមួយជាផ្លូវការហើយ សំដៅដំណើរការនីតិវិធីទម្លាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញពីតំណែង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Washington Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។ លោក Brad Sherman បានចោទប្រកាន់ លោក ដូណាល់ ត្រាំ ថាបានបង្កឧបសគ្គរារាំងដល់ការស៊ើបអង្កេត ពាក់ព័ន្ធនឹងការលូកដៃរបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ រហូតដល់មានការបណ្ដេញអតីតនាយក FBI លោក James Comey ចេញពីតំណែង។

លោក Sherman នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ចេញនូវមាត្រាច្បាប់ដែលចែងពីការទម្លាក់ប្រធានាធិបតីពីតំណែង គឺជាដំណាក់កាលដំបូងដ៏វែងអន្លាយមួយ ...ប៉ុន្តែបើសិនជាកត្តាអសមត្ថភាពនៅតែបន្តកើតឡើង ក្នុងរយៈពេលជាច្រើនខែទៅមុខទៀត នោះនៅចុងក្រោយ ក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណៈរដ្ឋ នឹងគំាទ្រនីតិវិធីទម្លាក់ពីតំណែងនេះ»។ យ៉ាងណាក៏ដោយ សេតវិមានបានចាត់ទុកថា ការប៉ុនប៉ងទម្លាក់លោក ត្រាំ ពីតំណែង គឺជារឿងគួរឱ្យអស់សំណើចបំផុត និងជាល្បែងនយោបាយដ៏អាក្រក់។

គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក ការទម្លាក់ប្រធានាធិបតីពីតំណែង ធ្វើឡើងអាស្រ័យទៅលើការបោះឆ្នោតសម្រេចនៅក្នុងសភា និងព្រឹទ្ធសភាអាមេរិក រីឯតុលាការកំពូលគ្មានសិទ្ធិអំណាច អ្វីនៅក្នុងរឿងនេះទេ។ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក មិនដែលធ្លាប់មានការទម្លាក់ប្រធានាធិបតីណាម្នាក់ ចេញពីតំណែងនោះទេ ក៏ប៉ុន្តែការប៉ុនប៉ងដូច លោក Sherman ក៏ធ្លាប់បានកើតឡើងផងដែរ លើអតីតប្រធានាធិបតីអាមេរិក លោក Andrew Johnson នៅឆ្នាំ១៨៨៦ និងលោក Bill Clinton នៅឆ្នាំ១៩៩៨ តែនៅទីបំផុតអ្នកទំាងពីរសុទ្ធតែរួចខ្លួន។ មិនប៉ុណ្ណោះនៅឆ្នាំ១៩៧៤ លោក Richard Nixon អតីតប្រធានាធិបតីអាមេរិក ដែលជាប់ផុងក្នុងរឿងអាស្រូវ Watergate ក៏ត្រូវបានគេដំណើរការនីតិវិធីនេះដែរ ប៉ុន្តែលោកបានលាលែងពីតំណែងទាន់ពេលវេលា៕

ដកស្រង់ពី៖ Fresh News