បណ្តាញសង្គម

ជប៉ុន៖ យន្តហោះចម្បាំង​អាមេរិក ១២០គ្រឿង «នឹងត្រូវផ្លាស់ទៅឈរជើងទៅខេត្ត Yamaguchi» ដោយសារតែបំពុល​បរិស្ថានរស់នៅ របស់ប្រជាជនជប៉ុនខ្លាំងពេក!

(តូក្យូ)៖ យន្ដហោះចម្បាំង ១២០គ្រឿង ប្រតិបត្តិការនៅលើនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក ដែលកំពុងធ្វើការល្បាតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ត្រូវបានគេគ្រោងនឹងផ្លាស់ប្ដូរទីតាំងទៅកាន់ទីក្រុង Iwakuni នៃខេត្ត Yamaguchi បន្ទាប់ពីបានឈរជើងនៅខេត្ត Kanagawa ជាយូរមកហើយ។

គំរោងផ្លាស់ទីតាំងនេះ ធ្វើឡើងស្របពេលមានការតវ៉ាពីប្រជាជន កាន់តែខ្លាំងឡើងនៅក្នុងតំបន់ ដែលបានអូសបន្លាយរយៈពេលរាប់ទសវត្សរ៍មកហើយ ដោយសារតែយន្ដហោះទំាងនេះបានបំពុលបរិស្ថានពួកគេរស់នៅ។ នេះបើតាមសារព័ត៌មាន Japan Times ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម Japan Times អភិបាលក្រុង Iwakuni លោក Yoshihikio Fukuda និងអភិបាលខេត្ត Yamaguchi លោក Tsumasa Muraoka បានជូនដំណឹងដល់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga រួចហើយ ពាក់ព័ន្ធនឹងការព្រមព្រៀងគ្នា លើការផ្ទេរយន្ដហោះចម្បាំងទៅកាន់តំបន់ក្បែរសមុទ្រខាងកើត។សារព័ត៌មាននេះបញ្ជាក់ដូច្នេះថា «លោក Suga បានបង្ហាញពីបំណង ចង់សហការជាមួយក្រុមមន្ត្រីនៅក្នុងតំបន់ ហើយរដ្ឋាភិបាលទីក្រុងតូក្យូ នឹងព្យាយាមជួបជាមួយម្ចាស់សំណើមកពីសហគមន៍នៅក្នុងតំបន់»។

គួរបញ្ជាក់ថា ប្រជាជនជប៉ុនរស់នៅក្នុងទីក្រុង Yamato និងទីក្រុង Ayase នៃខេត្ត Kanagawa បានតវ៉ាជំទាស់នឹងរដ្ឋាភិបាលទីក្រុងតូក្យូ តំាងតែពីឆ្នាំ១៩៦០មកម្លេះ ចំពោះការបំពុលបរិស្ថានពីយន្ដហោះចម្បាំងអាមេរិក ដែលឈរជើងនៅក្នុងតំបន់។ ប៉ុន្តែការផ្លាស់ប្ដូរទីតាំង ទៅតំបន់ជិតសមុទ្រចិនខាងកើត អាចនឹងធ្វើឱ្យគិតផ្សេងពីនេះទៅវិញ ត្បិតសមុទ្រចិនខាងកើត គឺជាតំបន់ជម្លោះដែនទឹករវាងចិន និងជប៉ុន ដូច្នេះចង់ឬមិនចង់ គំរោងផ្ទេរនេះ អាចនឹងមានបំណងឃ្លំាមើលសកម្មភាពយន្ដហោះចម្បាំងចិន ដែលតែងតែហោះល្បាតជារឿយៗពីលើតំបន់ជម្លោះនេះ៕

ដកស្រង់ពី៖ Fresh News