បណ្តាញសង្គម

អាមេរិក-អឺរ៉ុប «ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំ Saber Guardian 17»​​ នៅប្រទេសជាប់ព្រំដែនរុស្ស៊ីតែម្តង!

 (មូស្គូ)៖ សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួន នៅទ្វីបអឺរ៉ុបជាប់ព្រំដែនប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ បានផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាឈ្មោះថា Saber Guardian 17 ដែលរៀបចំឡើងដោយប្រទេសប៊ុលហ្គារី ហុងគ្រី និងរូម៉ានី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។ យោងតាមយោធាអាមេរិក សមយុទ្ធយោធានេះចាប់ផ្ដើមពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ដោយមានការចូលរួមពីយោធា ២៥,០០០នាក់ មកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិកចំនួន ២២ ក្នុងតំបន់។ ក៏ប៉ុន្តែការធ្វើសមយុទ្ធយោធារបៀបនេះ អាចនឹងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន កាន់តែតានតឹងឡើង ត្បិតសម្រាប់រុស្ស៊ីការធ្វើសមយុទ្ធយោធានៅតាមបណ្ដាប្រទេសជាប់របងជាមួយខ្លួន គឺជាការគំរាមកំហែងមួយមកលើសន្តិសុខជាតិ។

គួរបញ្ជាក់ថា សមយុទ្ធយោធា Saber Guardian 17 នៅឯតំបន់សមុទ្រខ្មៅ នឹងត្រូវប្រព្រឹត្តទៅក្រោមវត្ថុបំណង បណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើប្រតិកម្មរួមគ្នា នៅក្រោមទីបញ្ជាការតែមួយ៕

ដកស្រង់ពី៖ Fresh News