បណ្តាញសង្គម

សំនួរដោយប្រយោល៖តើអាមេរិកអាចការពារខ្លួនឯងបានទេ ក្នុងករណីកូរ៉េខាងជើងបាញ់មីស៊ីល ICBM ច្រើនគ្រាប់មកក្នុងពេលតែមួយ?

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីកូរ៉េខាងជើងប្រកាសថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដោយជោគជ័យជាលើកដំបូងកាលពីថ្ងៃអង្គារ វាបានបង្កឱ្យមានសំណួរជាច្រើនចោទថា តើសហរដ្ឋអាមេរិកមានសមត្ថភាពការពារខ្លួនឯង និងសម្ព័ន្ធមិត្តពីគ្រាប់មីស៊ីល ICBM របស់កូរ៉េខាងជើងដែរ ឬទេ ខណៈក្រុមអ្នកជំនាញខ្លះយល់ថា មីស៊ីលដែលទីក្រុងព្យុងយ៉ាងផលិត អាចនឹងមានលទ្ធភាពបាញ់ដល់រដ្ឋ Alaska ក្នុងអនាគតដ៏ខ្លីខាងមុខ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។ ជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Jeff Davis បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានទំនុកចិត្តថា អាចការពាររាល់ការគំរាមកំហែងទាំងអស់ ហើយលោកលើកឡើងបែបនេះ ដោយសារតែផ្អែកលើជោគជ័យនៃការធ្វើតេស្ដប្រព័ន្ធស្ទាក់ចាប់មីស៊ីល ICBM កាលពីខែឧសភាកន្លងទៅ តែទន្ទឹមគ្នាអ្នកនាំពាក្យរូបនេះទទួលស្គាល់ថា ការធ្វើតេស្ដនេះមិនមែនល្អឥតខ្ចោះទាំងស្រុងនោះទេ។

ដោយឡែកសូម្បីតែ អ្នកជំនាញមួយចំនួនដូចជា លោក Riki Ellison ក៏បានលើកឡើងដែរថា សហរដ្ឋអាមេរិក មិនប្រាកដថា អាចប្រឈមមុខនឹងមីស៊ីលកូរ៉េខាងជើងបាន ១០០ភាគរយឡើយ ត្បិតប្រព័ន្ធការពារមីស៊ីលអាមេរិកបច្ចុប្បន្ន អាចបាញ់ទម្លាក់ ឬស្ទាក់ចាប់មីស៊ីលមួយគ្រាប់ ឬក្នុងចំនួនតិចតួចតែប៉ុណ្ណោះ។ ដូច្នេះបើសិនជាទីក្រុងព្យុងយ៉ាង អាចផលិតបានដោយជោគជ័យនូវមីស៊ីល ICBM មែន ឬក៏ធ្វើការវាយប្រហារជាយហេតុណាមួយ ក្នុងចំនួនមីស៊ីលដ៏ច្រើន ព្រមពេលជាមួយគ្នា នោះប្រព័ន្ធខែលការពារមីស៊ីលអាមេរិក អាចនឹងជួបផលលំបាកធំមិនខាន។

គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០៦ សហរដ្ឋអាមេរិកបានបាញ់សាកល្បងប្រកបដោយជោគជ័យក្នុងអាត្រា ១០០ភាគរយនូវប្រព័ន្ធការពារមីស៊ីល THAAD ចំនួន ១៣លើក ហើយបើគិតចាប់តាំងពីឆ្នាំ១៩៨០ គឺនៅជំនាន់អតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan ទីក្រុងវ៉ាស៊ីនតោនបានចំណាយលុយច្រើនជាង ២០០ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីល៕

ដកស្រង់ពី៖ Fresh news