បណ្តាញសង្គម

លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20 នៅអាល្លឺម៉ង់ ដោយរំពឹងថានឹងសម្រេចផលដ៏វិជ្ជមាន!

(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានថ្លែងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងមានការផ្លាស់ប្តូរទស្សនៈរវាងគ្នាទៅវិញទៅមក ប្រកបដោយបរិយាកាសល្អប្រសើរ តាមការរំពឹងទុក ពាក់ព័ន្ធការយល់ឃើញរបស់មេដឹកនាំទាំងពីររូប ជុំវិញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំ G20 នាប្រទេសអាល្លឺម៉ង់ក្នុងអំឡុងចុងសប្តាហ៍នេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើជើងហោះហើរទៅកាន់ទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់សម្រាប់កិច្ចប្រជុំ G20 លោក Tillerson បានលើកឡើងថា «ពួកយើងកំពុងស្ថិតនៅដំណាក់កាលដំបូងនៅឡើយទេ ហើយរូបខ្ញុំបានត្រឹមនិយាយថា ចំណុចទាំងនេះវាពិតជាពិបាកបញ្ជាក់ឲ្យច្បាស់ណាស់ថា តើភាគីរុស្ស៊ីមានចេតនាបែបណាខ្លះ នៅក្នុងទំនាក់ទំនងនេះ ហើយខ្ញុំយល់ថា ផ្នែកដែលសំខាន់ជាងគេក្នុងជំនួបលើកដំបូងខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យមានការដោះដូរទស្សនៈគ្នាដ៏ល្អប្រសើរមួយ រវាងប្រធានាធិបតី ត្រាំ និងប្រធានាធិបតី ពូទីន ជុំវិញអ្វីដែលមេដឹកនាំទាំងពីរ យល់ឃើញចំពោះវត្ថុបំណងនៃទំនាក់ទំនងនេះ រវាងប្រទេសយើងទាំងពីរ»។

គួរបញ្ជាក់ថា ជំនួបពិភាក្សាលើកទីមួយរវាង លោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែកក្កដាសប្តាហ៍នេះ ក្នុងអំឡុងកិច្ចពិភាក្សាក្រៅផ្លូវការនៃកិច្ចប្រជុំកំពូល G20 នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់៕

ដកស្រង់ពី៖ Fresh News