បណ្តាញសង្គម

ព្រលឹងចុងសក់! យន្តហោះរបស់ United Airlines «ឆាបឆេះនៅក្នុងព្រលាន Denver របស់អាមេរិក» ភ្លាមៗក្រោយពីធ្វើការចុះចត!

(វ៉ាស៊ីនតោន)៖ អ្នកដំណើរជាច្រើននាក់ បាននាំគ្នាបង្ហោះរូបភាព ដែលបង្ហាញឲ្យឃើញពីយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines មានការឆាបឆេះឡើងនៅលើផ្លូវហោះហើរ ភ្លាមៗបន្ទាប់ពីបានធ្វើការចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Denver នៃសហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។ យោងតាមរូបភាពមួយចំនួននោះ បណ្តាញទំនាក់ទំនងសង្គម Twitter ម៉ាស៊ីនផ្នែកឆ្វេងរបស់យន្តហោះដឹកអ្នកដំណើរនោះ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏ប៉ុន្តែជាសំណាងល្អវាមិនបានផ្ទុះឡើងនោះឡើយ ហើយក្រោយមករថយន្តសង្រ្គោះបន្ទាន់ ក៏បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ទើបក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ បានរួមគ្នាពន្លត់ភ្លើងនៅក្នុងម៉ាស៊ីនយន្តហោះនោះបានទាន់វេលាភ្លាមៗ។  

ជាមួយគ្នានេះអ្នកនាំពាក្យរបស់អាកាសចរណ៍អាមេរិក United Airlines ក៏បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងដែរថា យន្តហោះដឹកអ្នកដំណើរមានជើងហោះហើរ ៥៨៦៩ បានជួបបញ្ហាផ្នែកម៉ាស៊ីន។ យ៉ាងណាមិញអ្នកដំណើរ និងក្រុមសហសេវិកទាំងអស់ ពុំបានទទួលរងរបួសអ្វីឡើយ ហើយបានចាកចេញពីយន្តហោះដោយសុវត្ថិភាព។

គួរបញ្ជាក់ថា យន្តហោះខាងលើជាប្រភេទ Bombardier CRJ700 ដែលមានម៉ាស៊ីនចំនួនពីរ មានគោលដៅធ្វើដំណើរមកពីទីក្រុង Aspen នៃរដ្ឋ Colorado ទៅកាន់ទីក្រុង Denver ក្នុងរដ្ឋតែមួយ ដែលស្ថិតនៅចម្ងាយមិនដល់៣៤០គីឡូម៉ែត្រនោះឡើយពីគ្នា៕

ដកស្រង់ពី៖ Fresh News