បណ្តាញសង្គម

ប្រទេសរុស្ស៊ី «កំពុងរៀបចំផលិតនាវា​ដឹកយន្តហោះ​ចម្បាំងមួយគ្រឿងទៀត» ខណៈបច្ចុប្បន្ន​មានតែមួយគ្រឿង ហើយអាមេរិក​មានរហូតដល់ ១០គ្រឿង!

 (ម៉ូស្គូ)៖ កងទ័ពជើងទឹកនៃប្រទេសរុស្ស៊ីបានប្រកាសឲ្យដឹងថា ខ្លួនកំពុងរៀបចំគម្រោងដើម្បីស្ថាបនា នាវាដឹកយន្តហោះចម្បាំងថ្មីមួយគ្រឿងថែមទៀត ដើម្បីឲ្យធ្វើជាដៃគូជាមួយនាវាដឹកយន្តហោះចម្បាំង Admiral Kuznetsov។

នេះបើតាមសម្តីរបស់លោកឧត្តមនាវីទោ Viktor Bursuk ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។ លោក Bursuk បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «កងទ័ពជើងទឹករបស់យើង នឹងធ្វើការកសាងនាវាដឹកយន្តហោះចម្បាំងថ្មីមួយទៀត»។

ជាមួយគ្នានោះលោកឧត្តមនាវីទោរូបនេះបានបន្ថែមថា មជ្ឈមណ្ឌលស្រាវជ្រាវរដ្ឋ Krylov បានដាក់ជូននូវគំរូនៃនាវាដឹកយន្តហោះចម្បាំងនេះហើយ ខណៈការរចនាមួយចំនួនបន្ថែមទៀត ក៏កំពុងស្ថិតក្រោមការពិចារណាផងដែរ។ ម៉្យាងវិញទៀតលោក Bursuk បានបង្ហើបឲ្យដឹងទៀតថា ការធ្វើទំនើបកម្មទៅលើនាវាដឹកយន្តហោះចម្បាំង Admiral Kuznetsov ជានាវាដឹកយន្តហោះចម្បាំង កំពុងដំណើរការតែមួយគត់របស់កងទ័ពជើងទឹករុស្ស៊ីនោះ នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០១៨។

គួរបញ្ជាក់ថា ប្រទេសដែលមាននាវាដឹកយន្តហោះចម្បាំងច្រើនគេបំផុតនោះ គឺគ្មាននរណាក្រៅពីសហរដ្ឋអាមេរិកនោះឡើយ ដែលមាន១០គ្រឿងកំពុងដំណើរការនាពេលបច្ចុប្បន្ន ខណៈចិន និងអ៊ីតាលីសុទ្ធតែមានពីរគ្រឿង ហើយបារាំង ឥណ្ឌា អេស៉្បាញ ថៃ និងរុស្ស៊ីមានតែម្នាក់មួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែក៏ជាភាពអស្ចារ្យផងដែរ សម្រាប់បណ្តាប្រទេសតែជាង ១០ប៉ុណ្ណោះលើលោក ដែលមាននាវាប្រភេទនេះដំណើរការ៕

ដកស្រង់ពី៖ Fresh News