បណ្តាញសង្គម

ទីបំផុតក្រសួងការបរទេសអាមេរិក «សម្រេចដក​អ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ចេញពីបញ្ជីខ្មៅនៃប្រទេសមានទាហានកុមារ» ខណៈក្រុមការពារសិទ្ធិមនុស្ស សម្តែងការមិនពេញចិត្ត!

 (វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានសម្រេចចិត្តដកប្រទេសអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ចេញពីបញ្ជីខ្មៅនៃការប្រើប្រាស់ទាហានកុមារ បើទោះជាមានសេចក្ដីរាយការណ៍ជាច្រើនថា ប្រទេសទាំងពីរនេះ នៅតែមានការបន្តប្រើកុមារក្នុងវិស័យយោធា និងមានការជំទាស់ពីក្រុមសកម្មជនការពារសិទ្ធិមនុស្សក៏ដោយ។

នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីការជួញដូរមនុស្ស ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។ យោងតាមរបាយការណ៍ខាងលើ ដែលចេញផ្សាយដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន និងទីប្រឹក្សាជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ប្រទេសអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ាត្រូវបានដកចេញពីបញ្ជីខ្មៅ នៃការបង្ខំឱ្យកុមារធ្វើជាយោធានោះឡើយ។

ទាក់ទិននឹងរបាយការណ៍នេះដែរ នាយកផ្នែកសិទ្ធិកុមារ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោកស្រី Jo Becker បានបញ្ជាក់ប្រាប់ Russian Today យ៉ាងដូច្នេះថា «ការដកមីយ៉ាន់ម៉ា និងអ៊ីរ៉ាក់ចេញពីបញ្ជីខ្មៅនេះ គឺមានន័យថា ក្រសួងការបរទេសអាមេរិកបានបដិសេធ ចំពោះការពិតដែលកំពុងកើតមាន... ជាក់ស្ដែងរដ្ឋាភិបាលមីយ៉ាន់ម៉ា បានដោះលែងកុមារជាង ៦០នាក់ ពីជួរកងទ័ពកាលថ្ងៃសុក្រសប្ដាហ៍មុន ហើយក៏មានរបាយការណ៍ថ្មីមួយអះអាងដែរថា នៅតែមានការបន្តជ្រើសរើសកុមារ នៅក្នុងជួរកងទ័ពជាតិដដែល។

ជាងនេះទៀត អង្គការ Human Rights Watch មានឯកសារជាច្រើនពាក់ព័ន្ធនឹងការជ្រើសរើសកុមារដោយ កងជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់ នៅអំឡុងឆ្នាំ២០១៦»។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានទទួលស្គាល់ថា កុមារនៅតែស្ថិតក្នុងភាពងាយរងគ្រោះនៃការជ្រើសរើសដោយកងកម្លាំងនានានៅអ៊ីរ៉ាក់ ឱ្យធ្វើជាទាហានកុមារ។

គួរបញ្ចាក់ថា បើតាមមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ ឬអង្គការ UNICEF កុមារប្រមាណជា ១០០,០០០នាក់ នៅតែបន្តស្ថិតនៅក្នុងលក្ខខណ្ឌដ៏គ្រោះថ្នាក់នៅទីក្រុងម៉ូស៊ុល ហើយមិនតែប៉ុណ្ណោះកុមារទាំងនេះ មិនត្រឹមតែត្រូវបានគេប្រើជារនាំងការពារគ្រាប់កាំភ្លើងប៉ុណ្ណោះទេ តែក៏ត្រូវគេបង្ខំឱ្យធ្វើជាទាហាន ដើម្បីប្រយុទ្ធជាមួយពួក ISIS ថែមទៀតផង៕

ដកស្រង់ពី៖ Fresh News