បណ្តាញសង្គម

ប្រធានាធិបតីកូរ៉េខាងត្បូងទើបជាប់ឆ្នោតថ្មីប្រកាសថា «ចង់ទៅទស្សនកិច្ចកូរ៉េខាងជើង» នៅពេលណាមួយដែលសមស្រប!

(សេអ៊ូល)៖ ស្របទៅតាមអ្វីដែលធ្លាប់បានសន្យា កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae in ក្រោយជាប់ឆ្នោតភ្លាមៗ បានបង្ហាញពីបំណងចង់បំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង នៅពេលវេលាដ៏សាកសមមួយ ដែលជាសញ្ញាបង្ហាញអំពីការចង់បានទំនាក់ទំនងល្អ ជាមួយនឹងទីក្រុងព្យុងយ៉ាង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧៕ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Moon ធ្លាប់បានសន្យាថា លោកនឹងដំណើរការឡើងវិញនូវកិច្ចសន្ទនា ឬកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាង ក៏ដូចជាដើរតួនាទីយ៉ាងសកម្ម ផ្អែកលើវិធានការការទូត សំដៅបញ្ឈប់មហិច្ឆិតាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង។

លើសពីនេះទៅទៀត ដើម្បីបន្ទន់ចិត្តកូរ៉េខាងជើង លោកផ្ទាល់ថែមទំាងបានបង្ហាញពីគោលជំហរទន់ភ្លន់ ដោយបានជំទាស់នឹងគោលនយោបាយដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD និងមានបំណងបើកតំបន់ឧស្សាហកម្មកែសុង ដែលផ្ដល់ការងារដល់ប្រជាជនកូរ៉េខាងជើងរាប់ពាន់នាក់ឡើងវិញទៀតផង។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏មហាកម្របែបនេះ ក៏ធ្លាប់បានកើតឡើងម្ដងរួចហើយនៅសម័យអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Dae jung កាលពីឆ្នាំ២០០០ តែភាពធូរស្រាលនៃទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែកូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បង មីស៊ីលផ្លោងជាបន្តបន្ទាប់។

ដោយឡែក ជុំវិញសំណុំរឿងនេះដែរ លោក Moon Jae-in បានបញ្ជាក់ឡើងវិញថា លោកក៏នឹងបំពេញដំណើរទស្សនកិច្ចទៅ កាន់សហរដ្ឋអាមេរិកផងដែរ ហើយថា នឹងធ្វើកិច្ចចរចាជាថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន និងចិន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការដាក់តំឡើង THAAD៕

ដកស្រង់ពី៖ Fresh News