បណ្តាញសង្គម

វៀតណាមកំពុងក្រពុលមុខនឹង «បញ្ហាម្ហូបអាហារផ្ទុកសារធាតុគីមី» ដែលអាចជាកត្តាចម្បង​ នាំឲ្យប្រជាជនកើតមហារីក រាប់សែននាក់​ក្នុងប្រទេស!

 (ហាណូយ)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ របស់គណកម្មាធិការមួយ នៅក្នុងសភាវៀតណាមបានចង្អុលបង្ហាញថា បញ្ហាម្ហូបអាហារគ្មានសុវត្ថិភាព គឺជាមូលហេតុចម្បងផ្ទាល់ ដែលបង្កឲ្យមានការកើនឡើងខ្លាំងនៃជំងឺមហារីក នៅទូទាំងប្រទេសវៀតណាមតែម្តង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន VN Express នៅរសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។ របាយការណ៍ដែលបានសិក្សាទៅលើសុវត្ថិភាពម្ហូបអាហារ កាលពីចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៦ ត្រូវបានយកមកចេញផ្សាយនាពេលថ្មីៗនេះឲ្យដឹងថា ការពុលអាហារជាង ១,០០០ករណី បានកើតមានឡើងនៅក្នុងអំឡុងពេល ប្រាំឆ្នាំចុងក្រោយនេះ ហើយមនុស្សចំនួន ២៥,៦០០នាក់ បានចូលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈ១៦៤នាក់ក្នុងចំណោមពួកគេបានស្លាប់។

ម៉្យាងវិញទៀតជារៀងរាល់ឆ្នាំ ជំងឺមហារីកតែងតែបានឆក់យកអាយុជីវិតមនុស្សប្រហែល ៧០,០០០នាក់នៅវៀតណាម ខណៈអ្នកជំងឺថ្មីៗជាង ២០០,០០០នាក់ ផ្សេងទៀតត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ ហើយមូលហេតុចម្បងនៃជំងឺដ៏កាចសាហាវនេះ គឺការដែលម្ហូបអាហារគ្មានសុវត្ថិភាព និងអនាម័យត្រឹមត្រូវ។

របាយការណ៍ដដែលបានរកឃើញថា ៨.៥ភាគរយ នៃបន្លែក៏ដូចជាផ្លែឈើស្រស់ ដែលលក់កាលពីចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៦ បានប្រើសារធាតុគីមីពុលលើសកំណត់ ស្របពេលដែល ១៦ភាគរយនៃស្រែចម្ការចំនួន ៥៧,៤០០កន្លែង ដែលពាក់ព័ន្ធក្នុងការសិក្សានេះ បានរំលោភបំពានច្បាប់ស្តីពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី។

យ៉ាងណាមិញរដ្ឋមន្រ្តីសុខាភិបាលវៀតណាម បានយល់ស្របថា ការបំពានច្បាប់ចែងពីសុវត្ថិភាពម្ហូបអាហារ គួរតែត្រូវទទួលទោសកម្រិតព្រហ្មទណ្ឌ ក៏ប៉ុន្តែការដែលរបាយការណ៍ទម្លាក់កំហុសជំងឺមហារីក ទៅលើបញ្ហាសុវត្តិភាពម្ហូបអាហារទាំងស្រុងបែបនេះ ដូចជាមិនត្រឹមត្រូវទាល់តែសោះ។

លោកស្រីរដ្ឋមន្រ្តីបានបញ្ជាក់ថា ជំងឺមហារីកក៏កកើតឡើង ពីមូលហេតុសំខាន់មួយចំនួនផ្សេងទៀតផងដែរ ហើយការដែលលើកឡើងតែអំពីម្ហូបអាហារយ៉ាងដូច្នេះ វានឹងធ្វើឲ្យមហាជនយល់ខុសជាក់ជាពុំខានឡើយ៕

ដកស្រង់ពី៖ Fresh News