បណ្តាញសង្គម

រុស្ស៊ី៖ ស្លាប់កើនដល់១៤នាក់ និងរបួស៤៩នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែកកក្រើកទីក្រុង St Petersburg!

 (មូស្គូ)៖ អាជ្ញាធររុស្ស៊ីបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក នៅឯស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុង St Petersburg កាលពីថ្ងៃចន្ទ បានកើនដល់១៤នាក់ និង៤៩នាក់ផ្សេងទៀតបានរងរបួស ខណៈជនសង្ស័យម្នាក់ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេជឿជាក់ថា ជាអ្នកធ្វើសកម្មភាពវាយប្រហារនេះ ក៏ត្រូវបានកំណត់អត្តសញ្ញាណហើយដែរថា ជាពលរដ្ឋរុស្ស៊ីមកពីប្រទេសកៀហ្ស៊ីស៊ីស្តង់ (Kyrgyzstan)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។ ជុំវិញការវាយប្រហារនេះដែរ ទីភ្នាក់ងារសន្តិសុខជាតិ Kyrgyzstan បានអះអាងថា ជនសង្ស័យខាងលើមានឈ្មោះថា Akbarzhon Jalilov កើតនៅឆ្នាំ១៩៩៥ នៅឯខេត្ត Osh នៃប្រទេសអាស៊ីកណ្តាលមួយនេះ។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានសេចក្ដីរាយការណ៍ផ្ទុយពីនេះថា បុរសម្នាក់នេះគឺជាជនបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈក្រុម អ្នកស៊ើបអង្កេតរុស្ស៊ីបានដាក់ការសង្ស័យថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកកាលពីថ្ងៃចន្ទ អាចជាសកម្មភាពភេរវកម្ម បើទោះបីជាពុំទាន់មាន ក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវក៏ដោយ។

គួរបញ្ជាក់ថា ស្ថានីយ៍រថភ្លើងទាំងពីរ Grazhdansky និង Devyatkino នៃស្ថានីយ៍ក្រោមដីក្នុងទីក្រុង St. Petersburg បានបើកទ្វារឲ្យដំណើរការឡើងវិញហើយ នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងធានាសុវត្ថិភាពទីភ្នាក់ងាររដ្ឋាភិបាល។ រីឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋកៀហ្ស៊ីសីស្តង់ បានរាយការណ៍ថា អាជ្ញាធររបស់ខ្លួននឹងរក្សាទំនាក់ទំនង ជាមួយទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ី ក្នុងការស៊ើបអង្កេត៕

ដកស្រង់ពី៖ Fresh News