បណ្តាញសង្គម

កូរ៉េខាងជើងនឹង «ធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ» នៅក្នុងខែមេសានេះ ដែលនឹងអាចមានរឿងកើតឡើង!

 (សេអ៊ូល)៖ កូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់ខ្លួនកំពុងរៀបចំគំរោង ដើម្បីអបអរសាទរទិវាគម្រប់ខួបសំខាន់ៗចំនួនពីរ ដែលនឹងប្រព្រឹត្តទៅក្នុងខែមេសានេះរួមមានទាំង ថ្ងៃខួបកំណើតរបស់បិតាស្ថាបនិក របស់របបដឹកនាំទីក្រុងព្យុងយ៉ាងលោក គីម អ៊ីលស៊ុង ផងដែរ នៅក្នុងទម្រង់ជាព្រឹត្តិការណ៍នយោបាយដ៏ធំ និងគគ្រិកគគ្រេងជាទីបំផុតដែលប្រការនេះ បានបង្ហាញតំរុញថា នឹងមានការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំជាក់ជាមិនខាន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។ យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ទិវាដ៏សំខាន់នោះរួមមាន ថ្ងៃគំរប់ខួបលើកទី១០៥នៃថ្ងៃកំណើតរបស់លោក គីម អ៊ីលស៊ុង នៅថ្ងៃទី១៥ ខែមេសា និងថ្ងៃគម្រប់ខួប៨៥ឆ្នាំ នៃការបង្កើតកងទ័ពកូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមេសា។

កាសែត Rodong Sinmun បានចុះផ្សាយដូចច្នេះថា «ថ្ងៃឈប់សម្រាកដ៏មានន័យទាំងពីរនេះ គួរតែទទួលបានការអបអរ ក្នុងនាមជាព្រឹត្តិការណ៍នយោបាយ ដ៏ឱឡារឹកជាទីបំផុត ដែលអាចត្រូវបានចង់ចាំនៅក្នុងប្រវត្តិសាស្រ្តជាតិ» ។ ជាមួយគ្នានេះដែរអ្នកវិភាគជាច្រើនរូប បាននិយាយថា ដោយសារតែនាពេលកន្លងមក រដ្ឋកុម្មុយនិស្តមួយនេះ ធ្លាប់បានធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ និងបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ នៅក្បែរៗទិវាខួបសំខាន់ៗរបស់ខ្លួននោះ វាមានលទ្ធភាពខ្ពស់ ដែលថាទីក្រុងព្យុងយ៉ាង អាចនឹងបង្កសកម្មភាពបង្ករឿងផ្សេងៗនៅក្នុងខែនេះ។

បើតាមប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង កូរ៉េខាងជើងត្រូវគេជឿជាក់ថា កំពុងត្រៀមខ្លួនធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយដ៏ធំសម្បើមមួយ នៅឯព្រលានយន្តហោះ Mirim ក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីព្យាយាមសំញែងអានុភាពនៃវិស័យយោធារបស់ខ្លួន នៅថ្ងៃទី២៥ ខែមេសា ដែលជាថ្ងៃកំណើតរបស់កងទ័ពកូរ៉េខាងជើង។

គួរបញ្ជាក់ថា ការធ្វើព្យុហយាត្រាយោធាចុងក្រោយ និងធំជាងគេបង្អស់របស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងឱកាសនៃទិវារំលឹកខួបទី៧០ នៃការបង្កើតគណបក្សពលករកូរ៉េដែលជាបក្សកាន់អំណាច។ ព្យុហយាត្រាយោធារបស់កូរ៉េខាងជើង ត្រូវបានអន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីក្រឡេកមើលទៅលើការវិវឌ្ឍន៍នៃកម្មវិធីនុយក្លេអ៊ែរ និងសព្វាវុធទំនើបថ្មីៗរបស់ប្រទេសមួយនេះ៕

ដកស្រង់ពី៖ Fresh News