បណ្តាញសង្គម

ប៉ូលិសអង់គ្លេស ដោះលែងជនសង្ស័យទាំង១២នាក់ ដែលត្រូវបានចាប់ខ្លួនជុំវិញករណីភេរវកម្មនៅទីក្រុងឡុងដ៍

 (ទីក្រុងឡុងដ៍)៖ មនុស្សសរុបចំនួន១២នាក់ ដែលត្រូវបានចាប់ខ្លួន ជុំវិញករណីវាយប្រហារភេរវកម្ម កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ នៅក្បែរសភានៃចក្រភពអង់គ្លេស និងបានបណ្តាលឲ្យមនុស្សប្រាំនាក់បាត់បង់ជីវិតនោះ នាពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ដោយពុំមានការប្តឹងផ្តល់ឬចោទប្រកាន់អ្វីទាំងអស់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។ ប៉ូលិសប្រចាំទីក្រុងឡុងដ៍ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនទាំងឡាយដែលត្រូវបានចាប់ឃាត់ខ្លួន ដោយសង្ស័យថាអាចមានជាប់ពាក់ព័ន្ធ ក្នុងការរៀបគំរោងការណ៍ វាយប្រហារដោយអំពើភេរវកម្មនៅលើស្ពាន Westminter ដែលស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ ទី២២ ខែមីនាកន្លងទៅនោះ ឥឡូវនេះត្រូវបានដោះលែង ឲ្យមានសេរីភាពជាធម្មតាវិញហើយ»។

គួរបញ្ជាក់ថាភេរវករឈ្មោះ Khalid Masood ដែលមានដើមកំណើតជាជនជាតិអង់គ្លេស បានបើករថយន្តក្នុងល្បឿនយ៉ាងលឿនឆ្លងកាត់ស្ពាន Westminister ដែលបានបណ្តាលឲ្យអ្នកថ្មើរជើងបីនាក់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងបានបង្ករបួសជាទម្ងន់ដល់មនុស្សជាច្រើននាក់បន្ថែមទៀត នៅមុនពេលដែលរូបខ្លួនរត់ចូលទៅក្នុងសភាអង់គ្លេស និងបានចាក់សម្លាប់មន្រ្តីប៉ូលិសម្នាក់ ហើយភ្លាមៗក្រោយមកក៏ត្រូវបានក្រុមប៉ូលិសបាញ់សម្លាប់ចោលតែម្តងទៅ ខណៈជនរងគ្រោះម្នាក់ទៀតបានស្លាបក្នុងមន្ទីរពេទ្យ នៅប៉ុន្មានថ្ងៃក្រោយ។ ម៉្យាងវិញទៀតនៅអំឡុងពេលកើតហេតុនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ក៏មានវត្តមាននៅក្នុងវិមានសភាផងដែរ៕

ដកស្រង់ពី៖ Fresh News