បណ្តាញសង្គម

ព្រលឹងចុងសក់! «យន្តហោះដឹកអ្នកដំណើរប៉េរូ១៤១នាក់ ចុះចតខុសបច្ចេកទេស បណ្តាលឲ្យឆាបឆេះជាអណ្តាតភ្លើង»

 (លីម៉ា)៖ យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ប៉េរូ ដែលមានផ្ទុកអ្នកដំណើរសរុប ចំនួន១៤១នាក់ បានរអិលធ្លាក់ផ្លូវហើយឆាបឆេះឡើង ខណៈពេលដែលធ្វើការចុះចតនៅឯអាកាសយានដ្ឋាន Francisco Carle ក្នុងទីក្រុង Jauja នៃប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ។

នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-300 របស់អាកាសចរណ៍ប្រទេសប៉េរូ បានជួបគ្រោះថ្នាក់មួយ ហើយក៏ឆាបឆេះឡើងនៅពេលដែលធ្វើការចុះចត នៅឯព្រលានយន្តហោះ Francisco Carle នាវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅក្នុងតំបន់កើតហេតុ)។នេះបើតាមការអះអាងបញ្ជាក់ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ ដែលជាម្ចាស់របស់យន្តហោះដឹកអ្នកដំណើរនេះ។

គួរបញ្ជាក់ថាអ្នកដំណើរចំនួន ១៤១នាក់បានស្ថិតនៅលើជើងហោះហើរនោះ ប៉ុន្តែពុំមាននរណាម្នាក់បានទទួលរងរបួសធ្ងន់ធ្ងរ ដោយសារតែគ្រោះថ្នាក់នេះឡើយ ដោយពួកគេទាំងអស់ត្រូវបានជម្លៀសខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព។ ព្រមពេលជាមួយគ្នានេះការស៊ើបអង្កេតក៏ត្រូវបានបើកជាបន្ទាន់ផងដែរ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឲ្យមានការចុះចតខុសបច្ចេកទេសនេះដែរ៕

ដកស្រង់ពី៖ Fresh News