បណ្តាញសង្គម

ក្តៅៗ! ម៉ាឡេស៊ីនឹង «ប្រគល់សពលោក គីម ជុងណាំ ឱ្យទៅទីក្រុងព្យុងយ៉ាងវិញ» ជាថ្នូរនឹងការដោះលែងប្រជាជនម៉ាឡេស៊ី?

 (សេអ៊ូល)៖ ម៉ាឡេស៊ីបានព្រមព្រៀងប្រគល់សាកសព បងប្រុសម្ដាយទីទៃលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ទៅឱ្យទីក្រុងព្យុងយ៉ាងវិញដើម្បីជាថ្នូរនឹងការដោះលែងជនជាតិម៉ាឡេស៊ី ដែលកំពុងជាប់គាំង នៅក្នុងប្រទេសកូរ៉េខាងជើង។

នេះបើតាមសារព័ត៌មាន China Press ដកស្រង់ដោយទីភ្នាក់ងារ យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។ ប្រភពដដែលបានបញ្ជាក់ទៀតថាទីក្រុងគូឡាឡាំពួ ក៏បានយល់ព្រមផងដែរក្នុងការអនុញ្ញាតឱ្យ ជនសង្ស័យកូរ៉េខាងជើង០៣នាក់ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលោក គីម ជុងណាំ ចាកចេញពីម៉ាឡេស៊ី ដែលនេះនឹងអាចនឹងបន្ធូរបន្ថយភាពតានតឹងផ្នែកការទូត រវាងប្រទេសទាំងពីរ។ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលម៉ាឡេស៊ីពុំទាន់ចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការនៅឡើយទេ ជុំវិញព័ត៌មាននេះ។

គួរបញ្ជាក់ថាបើតាមប៉ូលិសម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានឃាតករស្រី០២នាក់សម្លាប់ដោយប្រើសារធាតុគីមីពុល VX នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ម្យ៉ាងវិញទៀតដោយសារតែរឿងឃាតកម្មនេះដែរ ម៉ាឡេស៊ី និងកូរ៉េខាងជើងបានចោទប្រកាន់ ក៏ដូចជាចាត់វិធានការសងសឹកដាក់គ្នាទៅវិញទៅមក ក្នុងនោះរួមមានទាំងការបណ្ដេញអគ្គរដ្ឋទូត និងការហាមឃាត់ប្រជាជនចាកចេញពីប្រទេសរៀងៗខ្លួន រហូតដល់សំណុំរឿងនេះត្រូវបានដោះស្រាយ៕

ដកស្រង់ពី៖ Fresh News