បណ្តាញសង្គម

ចិនពិតជាក្តៅចិត្ត! «ជប៉ុនបញ្ជូនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់!»

 (ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថាខ្លួនបានបង្ហាញការមិនពេញចិត្ត ទៅកាន់រដ្ឋាភិបាលតូក្យូ បន្ទាប់ពីមន្រ្តីជប៉ុនមួយរូបបានធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅឯកោះតៃវ៉ាន់ កាលពីចុងសប្តាហ៍មុននេះ និងបានព្រមានថា ទង្វើនេះអាចជះផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងចិន-ជប៉ុន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។ ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងនៃប្រទេសជប៉ុន បានឲ្យដឹងថា អនុរដ្ឋមន្រ្តីលោក Jiro Akama បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីចូលរួមព្រឹត្តិការណ៍លើកកម្ពស់វិស័យទេសចរណ៍មួយ ជំនួសមុខឲ្យក្រសួងរបស់លោក ដោយបានចាកចេញពីជប៉ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបានវិលត្រឡប់មកវិញនៅថ្ងៃបន្ទាប់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន បានរាយការណ៍ថា លោក Akama គឺជាមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់បំផុត ដែលបានធ្វើដំណើរក្នុងលក្ខណៈជាផ្លូវការទៅកាន់តៃវ៉ាន់ ចាប់តាំងតែពីពេលជាទីក្រុងតូក្យូ បានផ្តាច់ទំនាក់ទំនងការទូត ជាមួយទីក្រុងតៃប៉ិ កាលពីឆ្នាំ១៩៧២ ដើម្បីងាកមកបង្កើតជាមួយទីក្រុងប៉េកាំងវិញ។ ជុំវិញដំណើរបំពេញទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានថ្លែងថា វាបានប្រព្រឹត្តទៅផ្ទុយទាំងស្រុងពីការសន្យារបស់ជប៉ុន ដែលថានឹងធ្វើការដោះដូរក៏ដូចជា ធ្វើទំនាក់ទំនងតែក្នុងរបៀបជាមិនមែនរដ្ឋាភិបាល និងក្នុងតំបន់តែប៉ុណ្ណោះជាមួយកោះតៃវ៉ាន់ ដែលចិនបាននិងនៅតែចាត់ទុកថា ជាខេត្តមួយរបស់ខ្លួនដដែលនោះ។

លោកស្រីអ្នកនាំពាក្យបានលើកឡើងថា «ចិនជំទាស់ដាច់ខាតចំពោះទង្វើនេះ ហើយក៏បានបង្ហាញឆន្ទៈយ៉ាងច្បាស់លាស់ ទៅកាន់ភាគីជប៉ុនផងដែរ»។ បន្ថែមពីនេះលោកស្រី Hua Chunying បានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់គឺជាផលប្រយោជន៍ស្នូលដ៏សំខាន់របស់ចិន ដែលពុំអាចប្រកែកបាននោះឡើយ ហើយរដ្ឋាភិបាលជប៉ុនគួរតែទទួលស្គាល់នូវភាពប្រាកដប្រជារបស់វា និងឈប់ធ្វើខ្លួនជាមនុស្ស «មុខពីរ» តទៀត ក៏ដូចជាកុំបន្តដើរផ្លូវខុសទៀត។

គួរបញ្ជាក់ថា ជប៉ុនដូចជាប្រទេសជាច្រើនផ្សេងៗទៀត នៅក្នុងពិភពលោករក្សាតែទំនាក់ទំនងមិនផ្លូវការជាមួយកោះតៃវ៉ាន់ប៉ុណ្ណោះ ស្របពេលដែលទីក្រុងតូក្យូមានចំណងការទូតផ្លូវការជាមួយទីក្រុងប៉េកាំង៕

ដកស្រង់ពី៖ Fresh News