បណ្តាញសង្គម

លោក ធីល្លឺសុន អះអាងថា «លោកមិនចង់ធ្វើរដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ប៉ុន្តែភរិយាលោកបង្ខំឲ្យធ្វើ!»

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា លោកមិនមានបំណងចង់ធ្វើជា រដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ហើយថាលោកព្រមទទួលយកតួនាទីនេះដោយសាតែ ប្រពន្ធរបស់លោកប្រាប់ឱ្យធ្វើតែប៉ុណ្ណោះ។

នេះបើតាមសារព័ត៌មាន Independent Journal Review (IJR) ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។ ការលើកឡើងបែបនេះរបស់លោក ធីល្លឺសុន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ នៅលើយន្ដហោះជាមួយ IJR អំឡុងពេលដែលបំពេញដំណើរទស្សនកិច្ចទៅកាន់ជប៉ុន កូរ៉េខាងត្បូង និងចិនកាលពីសប្ដាហ៍មុន។

អតីត CEO ក្រុមហ៊ុនប្រេង Exxon Mobil រូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនចង់ធ្វើការងារនេះទេ (ការងារជារដ្ឋមន្ត្រីការបរទេសអាមេរិក) ហើយខ្ញុំក៏មិនបានស្វះស្វែងរកការងារនេះដែរ។ ក៏ប៉ុន្តែប្រពន្ធរបស់ខ្ញុំ ប្រាប់ថាខ្ញុំត្រូវតែទទួលយកការងារនេះ (...) ម្យ៉ាងវិញទៀតនៅពេលដែលគាត់ (លោក ដូណាល់ ត្រាំ) សួរខ្ញុំថាខ្ញុំចង់ធ្វើជារដ្ឋមន្រ្តីការបទេសឬទេ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់»។

គួរបញ្ជាក់ថាបើតាម IJR លោក ធីល្លឺសុន មានគំរោងចូលនិវត្តន៍ ពីមុខជំនួញរបស់លោកនៅខែមីនានេះ ដើម្បីទៅមើលថែចៅៗរបស់លោកនៅឯផ្ទះ។ ប៉ុន្តែនៅពេលលោកទៅដល់ផ្ទះហើយប្រាប់ប្រពន្ធគឺលោកស្រី រិនដា ធីល្លឺសុន (Renda Tillerson) ពីរឿងលោក ត្រាំ ចង់តែងតំាងលោកជារដ្ឋមន្ត្រីការបរទេស លោកស្រី រិនដា បានប្រាប់ឱ្យប្ដីរបស់ខ្លួនទទួលយកការតែងតាំងនេះ។ «ប្រពន្ធរបស់ខ្ញុំបានបញ្ចុះបញ្ចូលខ្ញុំ។ នាងនិយាយត្រូវ។ ខ្ញុំត្រូវតែទទួលយកការងារជារដ្ឋមន្រ្តីការបរទេសអាមេរិក»។ នេះបើតាមសម្តីលោក រិច ធីល្លឺសុន៕

ដកស្រង់ពី៖ Fresh News