បណ្តាញសង្គម

ក្តៅៗ! «មនុស្ស០៤នាក់ស្លាប់ក្នុងករណីបាញ់ប្រហារគ្នា​នៅរដ្ឋ Wisconsin, អាមេរិក!»

(វ៉ាស៊ីនតោន)៖ មន្រ្តីប៉ូលិសម្នាក់ និងមនុស្សបីទៀតបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏អាក្រក់ជាបន្តបន្ទាប់គ្នា ដែលត្រូវគេជឿជាក់ថាបានកើតចេញពីការឈ្លោះប្រកែកគ្នា នៅក្នុងធនាគារមួយកន្លែង នៅភាគខាងជើងរដ្ឋ Wisconsin សហរដ្ឋអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន New York Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។ លោក Wally Sparks ជាប៉ូលិសនៅតំបន់កើតហេតុ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា មន្រ្តីដែលបានបាត់បង់ជីវិតខាងលើ គឺមន្រ្តីនៅក្នុងស្ថាប័នរបស់លោក ខណៈជនសង្ស័យដែលជាប់ពាក់ព័ន្ធនៅក្នុងករណីនេះ កំពុងស្ថិតក្រោមការឃុំខ្លួន។ យោងតាមលោក Sparks ការបាញ់ប្រហារបានកើតឡើង នៅទីតាំងចំនួនបីកន្លែងរួមមានធនាគារ, ក្រុមហ៊ុនច្បាប់, និងផ្ទះល្វែងនៅភាគខាងជើងរដ្ឋ។

គួរបញ្ជាក់ថាអាជ្ញាធររដ្ឋ Wisconsin មិនបានទទួលឆ្លើយសំណួរនៅក្នុងសន្និសីទខាងលើនោះឡើយ ប៉ុន្តែបានធានាអះអាងថា នឹងពុំមានបញ្ហាអ្វីដែលជាការគំរាមកំហែងដល់សាធារណជនទៀតនោះឡើយ៕

ដកស្រង់ពី៖ Fresh News