បណ្តាញសង្គម

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ «នឹងមិនទៅចូល​រួម​កិច្ចប្រ​ជុំ​អង្គការ NATO នៅខែក្រោយ​​នេះ​ឡើយ»

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងមិនទៅចូលរូមក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៃអង្គការណាតូ (NATO) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមេសាខាងមុខនេះឡើយ ប៉ុន្តែលោកនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែដដែលនេះផងដែរ។

នេះបើតាមការបញ្ជាក់អះអាងជាផ្លូវការរបស់ ក្រសួងការបរទេសអាមេរិក ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន ABC News នៅល្ងាចថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។ អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា អនុរដ្ឋមន្រ្តីស្តីទីលោក Tom Shannon នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអង្គការ NATO ខាងលើដើម្បីជំនួសមុខឲ្យលោក រិច ធីល្លឺសុន វិញ។

ក្រៅពីនេះក្រសួងការបរទេសអាមេរិក បានបញ្ជាក់ទៀតលោក ធីល្លឺសុន នឹងត្រូវជួបជាមួយមន្រ្តីមួយចំនួនរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំមួយផងដែរ នៃសហព័ន្ធបង្រ្កាបក្រុម ISIS នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។

គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោងកន្លងទៅនេះ មានសេចក្តីរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន មានគំរោងលើកថ្ងៃប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៃអង្គការណាតូ (NATO) ដើម្បីត្រៀមទទួលស្វាគមន៍ការបំពេញទស្សនកិច្ចមកកាន់ សហរដ្ឋអាមេរិក របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈលោក ធីល្លឺសុន ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែដដែល ដែលនេះអាចជាក្ដីកង្វល់មួយសម្រាប់បណ្ដាប្រទេស ជាសមាជិកណាតូដទៃៗទៀត៕

ដកស្រង់ពី៖ Fresh News