បណ្តាញសង្គម

អង់គ្លេស នឹងប្រកាសលែងលះជាផ្លូវការជាមួយសហភាពអឺរ៉ុប​ នៅថ្ងៃទី២៩ ខែមីនា

 (ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេស របស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May នឹងចាប់ផ្ដើមដំណើរការនីតិវិធីចាកចេញពី សហភាពអឺរ៉ុបជាផ្លូវការ អនុឡោមតាម សន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនានេះទៅត។

នេះបើតាមអ្នកនាំពាក្យវិមាន Downing Street ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរូបនេះដដែល បានបញ្ជាក់ដូច្នេះថា៖ «អ្នកតំណាងអចិន្ត្រៃយ៍របស់ចក្រភពអង់គ្លេស ប្រចាំទីក្រុងព្រុចសែល បាន ជូនដំណឹងដល់សភាពអឺរ៉ុប នៅថ្ងៃចន្ទនេះថា អង់គ្លេសនឹងដំណើរការនិតិវិធី លែងលះជាផ្លូវការ ជាមួយសហភាពអឺរ៉ុប ផ្អែកលើមាត្រាទី៥០ នៃសន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនា»។

គួរបញ្ជាក់ថា បើចង់ចាកចេញពីសហភាពអឺរ៉ុប ឱ្យដាច់ស្រេច អង់គ្លេសត្រូវចំណាយពេលយ៉ាងហោចពីរឆ្នាំ ដើម្បីស្វែងរកកិច្ចព្រមព្រៀមួយស្ដីពី Brexit៕

ដកស្រង់ពី៖ Fresh News