បណ្តាញសង្គម

ជិតបោះឆ្នោត​ប្រធានាធិបតី​បារាំង​ហើយ! «ពេលនេះ​បញ្ហា​​អសន្តិសុខ​ផ្ទុះឡើង​​សាជាថ្មី ពាក់ព័ន្ធការ​បាញ់​ប្រហារ​​នៅព្រលាន​យន្តហោះ​​ប៉ារីស!»

 (ប៉ារីស)៖ ប៉ូលិសបារំាងបានសួរចម្លើយ និងសម្រេចដោះលែង សាច់ញាតិរបស់បុរសម្នាក់ ដែលត្រូវបានបាញ់សម្លាប់ នៅឯអាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ខណៈក្រុមអ្នកស៊ើបអង្កេត កំពុងស្វែងរកមូលហេតុ នៅពីក្រោយការវាយប្រហារនេះ ដែលកំពុងក្លាយជាប្រធានបទ ជជែកវែកញែកយ៉ាងផុលផុស ទាក់ទិននឹងសន្តិសុខ មុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារំាង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។ យោងតាមរដ្ឋអាជ្ញាទីក្រុងប៉ារីស លោក ហ្រ្វង់ស័រ មូលឡំាង (Francois Molins) បុរសខាងលើមានឈ្មោះថា ហ្សៃយីដ បិន ប៊ែលហ្គាសឹម (Ziyed Ben Belgacem) អាយុ៣៩ឆ្នាំត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់ បន្ទាប់ពីរូបគេ បានព្យាយាមដណ្ដើមកាំភ្លើង ពីទាហានល្បាតជាស្រ្តីម្នាក់ នៅអាកាសយានដ្ឋាន Orly airport ក្នុងទីក្រុងប៉ារីស ហើយមិនតែប៉ុណ្ណោះ ប៊ែលហ្គាសឹម ក៏បាននិយាយដែរថា រូបគេហ៊ានស្លាប់ដើម្បីព្រះជាម្ចាស់ «អល់ឡោះ»។

ក៏ប៉ុន្តែថ្លែងប្រាប់វិទ្យុ Europe 1 ឪពុករបស់ឈ្មោះ ប៊ែលហ្គាសឹម ដែលត្រូវបានប៉ូលិសចាប់ខ្លួន និងដោះលែងវិញបានបញ្ជាក់ដូច្នេះថា «កូនប្រុសរបស់ខ្ញុំមិនមែនជាភេរវករនោះទេ។ គេមិនដែលថ្វាយបង្គំ ហើយតែងតែផឹកស្រា និងស្ថិតនៅក្រោមឥទ្ធិពលគ្រឿងញៀន និងគ្រឿងស្រវឹង (...) នេះគឺជាអ្វីដែលបានកើតឡើង»។ បន្ថែមពីលើនេះសូម្បីតែការិយាល័យ រដ្ឋអាជ្ញាទីក្រុងប៉ារីស ក៏បានអះអាងដូចគ្នាដែរថា ផ្អែកលើការធ្វើកោសល្យវិច័យលើសព ប៊ែលហ្គាសឹម ពិតជាធ្លាប់បានប្រើប្រាស់ គ្រឿងញៀន និងផឹកស្រាប្រាកដមែន។

គួរបញ្ជាក់ថាមនុស្សជាង ២៣០នាក់ បានស្លាប់នៅក្នុងការវាយប្រហារ ភេរវកម្មក្រោមស្នាដៃក្រុម ISIS នៅប្រទេសបារាំងគិតចាប់តាំង ២០១៥មកស្របពេលការដាក់ប្រទេស ក្នុងភាពប្រកាសអាសន្ន នៅមិនទាន់ដកចេញនោះទេ រីឯបញ្ហាសន្តិសុខកំពុងក្លាយជាប្រធានបទដ៏សំខាន់ សម្រាប់បេក្ខជនប្រធានាធិបតីបារាំង ក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ ខែមេសា និងថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News