បណ្តាញសង្គម

«ទ័ពអាកាសអ៊ីស្រាអែល​ព្រមានតាម​វិទ្យុថា​ នឹងកម្ទេចប្រព័ន្ធការពារ​ដែនអាកាស​ស៊ីរី សងសឹកនឹងការបាញ់​យន្តហោះ​ចម្បាំង!»

(អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានព្រមានជាសាធារណថា កងទ័ពអាកាសអ៊ីស្រាអែល នឹងកម្ទេចប្រព័ន្ធការពារដែនអាកាសស៊ីរី បើសិនជាមានគ្រាប់មីស៊ីល នៅតែត្រូវបានបាញ់តម្រង់រកយន្ដហោះចម្បាំងអ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសស៊ីរី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។ តាមការពិតអ៊ីស្រាអែល និងស៊ីរីបានស្ថិតនៅក្នុងស្ថានភាព ប្រកាសសង្រ្គាមអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ជាពិសេសនោះ គឺចាប់តំាងពីសង្រ្គាមស៊ីវិលស៊ីរីផ្ទុះឡើង កាលពីឆ្នាំ២០១១តែម្ដង ដែលជាឱកាសមួយសម្រាប់អ៊ីស្រាអែល លូកដៃចូលក្នុងជម្លោះនេះ ក្រោមហេតុផលកម្ចាត់ក្រុមភេរវករ។

ម្យ៉ាងវិញទៀត សម្រាប់រដ្ឋបាលនាយរដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណឺតាន់យ៉ាហ៊ូ ស៊ីរីគឺជាបន្លានៅក្នុងកែវភ្នែកមួយ គួរតែត្រូវបានដកចេញនៅថ្ងៃណាមួយ ត្បិតរបបដឹកនាំក្រុងដាម៉ាស់នៃលោក បាហ្សា អាល់ អាស្សាដ បានផ្ដល់ការគំាទ្រ ដល់ក្រុមឧទ្ទាមហេសប៊ូលឡា គាំទ្រដោយអ៊ីរ៉ង់ ដែលជាសត្រូវលេខ១របស់អ៊ីស្រាអែល។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ អ៊ីស្រាអែលនៅតែមានការស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់កម្លាំងយោធា បើកចំហវាយប្រហារលើស៊ីរី ដោយសារតែទីក្រុងដាម៉ាស់ មានរុស្ស៊ី និងអ៊ីរ៉ង់ជាខ្នងបង្អែក។

ដោយឡែកថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុរដ្ឋ លោក Avigdor Lieberman បានព្រមានថា «នៅលើកក្រោយ បើសិនជាស៊ីរីប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ប្រឆាំងនឹងយន្ដហោះចម្បាំងរបស់យើង នោះយើងនឹងបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់ពួកគេវិញ ដោយគ្មានការស្ទាក់ស្ទើរជាដាច់ខាត (...) មួយវិញទៀតបើសិនជាស៊ីរី នៅតែបន្តបញ្ជូនអាវុធឱ្យក្រុមឧទ្ទាមហេសប៊ូលឡា យើងនឹងធ្វើអ្វីដែលត្រូវធ្វើ ហើយខ្ញុំបញ្ជាក់ឡើងវិញថា អ៊ីស្រាអែលមិនចង់លូកដៃចូលក្នុងសង្រ្គាមស៊ីរី ឬក៏ប្រឈមមុខនឹងរុស្ស៊ី នោះឡើយ ក៏ប៉ុន្តែសន្តិសុខអ៊ីស្រាអែលគឺជាអាទិភាពមុនគេបង្អស់»។

គួរបញ្ជាក់ថា បើតាមយោធាស៊ីរី កាលពីសប្ដាហ៍យន្ដហោះចម្បាំង អ៊ីស្រាអែលពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ តែអ៊ីស្រាអែលបានបដិសេធ៕

ដកស្រង់ពី៖ Fresh News