បណ្តាញសង្គម

ក្រសួងការបរទេស​រុស្ស៊ី «កោះហៅ​អគ្គរដ្ឋទូត​អ៊ីស្រាអែល​មកសួរនាំ រឿងទម្លាក់​គ្រាប់បែក​នៅស៊ីរី!»

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅ អគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងម៉ូស្គូ ឱ្យមកបំភ្លឺក៏ដូចជាសម្ដែងការតវ៉ាជំទាស់ ទៅនឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ យន្ដហោះចម្បាំង អ៊ីស្រាអែល ទៅលើតំបន់ក្បែរទីក្រុង Palmyra ក្នុងប្រទេសស៊ីរី។

នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax តាមរយៈការស្រង់ពាក្យសម្ដី ពីក្រុមមន្ត្រីក្រសួងការបរទេសរុស្ស៊ី អគ្គរដ្ឋទូតអ៊ីស្រាអែល លោក Gary Koren ត្រូវបានកោះហៅមកក្រសួង កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនយោធាស៊ីរី បាននិយាយថា យន្ដហោះចម្បាំងអ៊ីស្រាអែលជាច្រើនគ្រឿង បានហោះចូលក្នុងដែនអាកាសស៊ីរី និង បានបើកការវាយប្រហារ តាមផ្លូវអាកាសទៅលើតំបន់ក្បែរទីក្រុង Palmyra ហើយដែលទង្វើនេះត្រូវបានភាគីស៊ីរីអះអាងថា គឺជាសកម្មភាពឈ្លានពានជួយដល់ក្រុម ISIS៕

ដកស្រង់ពី៖ Fresh News