បណ្តាញសង្គម

ប្រធានាធិបតី​ហ្វីលីពីន​លោក ឌូតឺតេ អះអាងថា «ស្វាគមន៍​អ្នក​ចង់ប្តឹង​លោក ឡើងតុលាការ​​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ICC!»

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថាលោកស្វាគមន៍ ចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលចង់នាំបុរសខ្លាំង នៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ទៅកាត់ក្តីជុំវិញពាក្យចោទប្រកាន់ករណី សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនមិនធ្លាប់មាន នៅប្រទេសហ្វីលីពីន និងថែមទាំងបានអះអាងទៀតថា គ្មានអ្វីអាចគំរាមកំហែងលោកបានទេ ហើយយុទ្ធនាការនេះក៏គ្មានភាពព្រៃផ្សៃអ្វីនោះដែរ។

នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។ គួរបញ្ជាក់ថា ឃាតករដែលបានសារភាពដោយខ្លួនឯងថា បានសម្លាប់មនុស្សក្រោមបញ្ជារបស់លោក ឌូតឺតេ នោះត្រូវបានគេរំពឹងថា នឹងរៀបចំពាក្យបណ្តឹងទៅកាន់តុលាការ ICC នៅក្នុងខែនេះ ឬនៅខែមេសា ដោយចោទប្រកាន់ប្រធានាធិបតីហ្វីលីពីន ខាងលើនេះថា បានប្រព្រឹត្តបទឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ។


នេះបើតាមមេធាវីមួយរូប បានបញ្ជាក់កាលពីពេលថ្មីៗកន្លងទៅ។ ទោះបីជាបែបនេះក្តីលោក ឌូតឺតេ ធ្លាប់បានអះអាងថា លោកកំពុងតែធ្វើរឿងត្រឹមត្រូវ ដោយគោរពតាមសិទ្ធិមនុស្ស ហើយក៏មិនដែល បញ្ជាឲ្យកងកម្លាំងសន្តិសុខណា ធ្វើការបាញ់សម្លាប់ជនសង្ស័យ ដែលមិនព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចនោះដែរ។ តាមរបាយការណ៍របស់ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ មនុស្សយ៉ាងហោចណាស់ជាង ៨,០០០នាក់ហើយត្រូវបានបាញ់សម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន នៅទូទាំងប្រទេសហ្វីលីពីន ដែលមានរយៈពេលចាប់ពីលោក ឌូតឺតេ ឡើងកាន់អំណាចជាប្រធានាធិបតីនៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៦ មកដល់ខែមីនា ឆ្នាំ២០១៧នេះ។

ជុំវិញការសម្លាប់រង្គាលនោះដែរ ប៉ូលិសហ្វីលីពីនបានបញ្ជាក់ថា ការបាញ់សម្លាប់ខ្លះត្រូវបានធ្វើឡើងក្នុងករណី មានការតដៃជាមួយសមត្ថកិច្ច ដែលមានន័យថា ជាចាត់វិធានការដើម្បីការពារខ្លួនប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News