បណ្តាញសង្គម

ក្តៅៗ! «ស៊ីរីអះអាងថាយន្តហោះចម្បាំងអ៊ីស្រាអែល ០៤គ្រឿងបានហោះរំលោភដែនអាកាស និងត្រូវបានបាញ់ទម្លាក់​មួយគ្រឿង!»

 (ស៊ីរី)៖ កងទ័ពស៊ីរីបានអះអាងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល ចំនួន០៤គ្រឿង បានធ្វើការហោះហើររំលោភមកលើដែនអាកាស របស់ប្រទេសអារ៉ាប់មួយនេះ ហើយនៅទីបំផុតប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់មីស៊ីលទម្លាក់យន្តហោះអ៊ីស្រាអែលចំនួនមួយគ្រឿង។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។ វាត្រូវបានកងទ័ពស៊ីរីលើកឡើងថា ជាការបាញ់មីស៊ីលប្រឆាំងយន្តហោះចុងក្រោយបំផុត ទៅលើយន្តហោះចម្បាំងបរទេសណា ដែលបានហោះរំលោភដែនអាកាសស៊ីរីបែបនេះ។

នៅព្រឹកថ្ងៃសុក្រដដែលនោះ យោធាអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងមួយចំនួនរបស់ខ្លួនបានបើកការវាយប្រហារ និងទម្លាក់គ្រាប់បែកលើគោលដៅសំខាន់ៗមួយចំនួនក្នុងទឹកដីស៊ីរី ហើយគ្រាប់មីស៊ីលប្រឆាំងយន្តហោះមួយចំនួនក៏ត្រូវបានបាញ់ចេញ នៅអំឡុងពេលអ៊ីស្រាអែលកំពុងបំពេញប្រតិបត្តិការនោះដែរ។

គួរបញ្ជាក់ថាប្រទេសអ៊ីស្រាអែល និងស៊ីរីគឺស្ថិតនៅក្នុងសង្គ្រាមរវាងគ្នានៅឡើយទេ ក៏ព្រោះតែការគ្រប់គ្រងរបស់ប្រទេសអ៊ីស្រាអែលទៅលើតំបន់ Golan Heights ចាប់តាំងពីឆ្នាំ១៩៦៧មក។ អ៊ីស្រាអែលកន្លងមកក៏បានគាំទ្រផងដែរ ទៅលើពួកសកម្មប្រយុទ្ធ ដែលប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ហើយការវាយប្រហារតាមផ្លូវការអាកាស ជាច្រើនលើត្រូវបានធ្វើឡើង ប៉ុន្តែកម្រមានការទទួលស្គាល់ចំពោះការវាយប្រហារណាស់ពីសំណាក់អ៊ីស្រាអែល៕

ដកស្រង់ពី៖ Fresh News