បណ្តាញសង្គម

កាន់តែមិនត្រូវគ្នា! «អនុប្រធានាធិបតី​​ហ្វីលីពីន ចេញមុខរិះគន់សង្រ្គាមគ្រឿងញៀន​របស់លោក ឌូតើតេ» ដែលឆក់​ជីវិតមនុស្សកាន់តែ​ច្រើនឡើង!

(ម៉ានីល)៖ អនុប្រធានាធិបតីហ្វីលីពីន បានចេញមុខព្រមាន ក៏ដូចជារិះគន់លើសង្រ្គាមប្រឆាំងគ្រឿងញៀន របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ ដោយថែមទំាងសង្កត់ធ្ងន់ដែរថា «គ្រាប់កាំភ្លើងតែមួយមុខ» មិនអាចដោះស្រាយបញ្ហាគ្រឿងញៀន នៅហ្វីលីពីនបាននោះទេ។

នេះបើតាមការដកស្រង់ដោយ សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។ ការលើកឡើងខាងលើរបស់លោកស្រី Leni Robredo ធ្វើឡើងនៅក្នុងខ្សែវីដេអូនៃសុន្ទរថាមួយ ត្រូវបានបង្ហោះការិយាល័យរបស់លោកស្រី កាលពីថ្ងៃពុធ។

លោកស្រី Robredo នៅក្នុងសុន្ទរកថានោះដែរដែលនឹងត្រូវថ្លែង នៅថ្ងៃព្រហស្បតិ៍នេះ ទៅកាន់វេទិការស្ដីពីការសម្លាប់មនុស្ស ក្រៅប្រព័ន្ធតុលាការ រៀបចំឡើងក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស បានរិះគន់យ៉ាងខ្លាំងដល់សង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់លោក ឌូតើតេ ដោយបានបញ្ជាក់ថា ការព្រួយបារម្ភជាច្រើនទាក់ទិននឹងសង្រ្គាមគ្រឿងញៀនរបស់លោក ឌូតើតេ ក្នុងនោះរួមមានទំាងការរំលោភពាន ការគំរាមពីសំណាក់ប៉ូលិសប្រឆាំងនឹង ក្រុមគ្រួសារសាច់ញាតិនៃជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្នុងករណីដែលគោលដៅពិតប្រាកដមិនត្រូវបានប៉ូលិសរកឃើញ។

គួរបញ្ជាក់ថាបើតាមអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Leni Robredo ប្រជាជនហ្វីលីពីន គួរតែហ៊ានតស៊ូមិត ប្រឆាំងនឹងការរំលោភបំពានលើសិទ្ធិរបស់ខ្លួន៕

ដកស្រង់ពី៖ Fresh News