បណ្តាញសង្គម

បន្ថែមកម្តៅ! «អាមេរិកនឹងបញ្ជូនកងកម្លាំង​ពិសេស​​ ដែលធ្លាប់សម្លាប់​មេភេរវករ ប៊ិនឡាដិន ទៅចូលរួមសមយុទ្ធទ្រង់ទ្រាយធំ ប្រឆាំងកូរ៉េខាងជើង!»

 (សេអ៊ូល)៖ កងកម្លាំងប្រតិបត្តិការពិសេសរបស់អាមេរិក ដែលបានសម្លាប់មេភេរវករអាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Oussama Ben Laden) នឹងចូលរួមក្នុងការដឹកនាំសមយុទ្ធយោធាប្រចាំឆ្នាំ ជាមួយកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើង គំរាមថានឹងបើកការវាយប្រហារសងសឹកដោយគ្មានត្រាប្រណៃ បើសិនជាការធ្វើសមយុទ្ធ យោធានេះប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់ខ្លួនសូម្បីតែបន្តិច។

នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។ យោងតាមមន្ត្រីកូរ៉េខាងត្បូងម្នាក់ ថ្លែងប្រាប់យ៉ុនហាប់ កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅថ្មីៗនេះថា កងកម្លាំងពិសេសអាមេរិក SEAL Team Six នឹងចូលរួមក្នុងសមយុទ្ធយោធា Foal Eagle និង Key Resolve ដើម្បីធ្វើសមយុទ្ធដឹកនាំបេសកកម្ម ទំលុះខ្សែត្រៀមចូលក្នុងដីកូរ៉េខាងជើង និងការធ្វើឃាតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏ដូចជាបំផ្លាញរចនាសម្ព័ន្ធយោធាសំខាន់ៗ របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា កងកម្លាំងប្រតិបត្តិការពិសេសអាមេរិក SEAL Team Six ធ្លាប់មានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង ក្នុងការដឹកនាំប្រតិបត្តិការតាមប្រមាញ់មេភេរវករ Oussama Ben Laden កាលពីឆ្នាំ២០១១៕

ដកស្រង់ពី៖ Fresh News