បណ្តាញសង្គម

គ្រួសារលោក គីម ជុងណាំ មានពេល០២ ទៅ០៣សប្ដាហ៍ ទទួលយកសពត្រឡប់ទៅវិញ

 (គូឡាឡាំពួ)៖ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Subramaniam Sathasivam នៅថ្ងៃចន្ទបានស្នើឱ្យក្រុមគ្រួសារ សពលោក គីម ជុង ណាំ បង្ហាញពីគោលបំណង ទទួលយកសាកសពលោក គីម ត្រឡប់ទៅវិញ ឱ្យបានមុនរយៈពេលពី០២ទៅ០៣ សប្ដាហ៍ខាងមុខនេះ។

នេះបើ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Straitstimes នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក Subramaniam បាននិយាយថា៖ «សពលោកគីម ជុងណាំ មានប្រពន្ធនិងកូន។ ដូច្នេះយើងរំពឹងថា ពួកគេនឹងមកទទួលយកសព ត្រឡប់ទៅវិញ ខណៈការបញ្ជាក់ពីអត្តសញ្ញាជនរងគ្រោះ ក៏ត្រូវបានទទួលស្គាល់រួចហើយដែរ»។ ជាមួយគ្នានោះ នៅ ពេលអ្នកសារព័ត៌មានសួរពាក់ព័ន្ធ នឹងរយៈពេលកំណត់ប្រគល់សព រដ្ឋមន្ត្រីសុខាភិបាលរូបនេះ ឆ្លើយយ៉ាងខ្លីថា «លោកសង្ឃឹមថា អាចនឹងដោះ ស្រាយបញ្ហានេះនៅក្នុងរយៈពេលពី០២ ទៅ០៣ សប្ដាហ៍ខាងមុខ»។

គួរបញ្ជាក់ថា លោក គីម ជុងណាំ ត្រូវបានគេលួចធ្វើឃាតកាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ។ ក៏ប៉ុន្តែនៅក្នុង ករណីអវត្តមានការស្នើយកសព ពីសំណាក់គ្រួសារលោក គីម នោះអាជ្ញាធរម៉ាឡេស៊ី នឹងពិភាក្សាជាថ្មីម្ដងទៀត ស្របពេលព័ត៌មានមួយចំនួនរាយ ការណ៍ថាសពរបស់លោកគីម អាចនឹងត្រូវប្រគល់ទៅឱ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលជាបងប្រុសម្ដាយទីទៃរបស់លោក៕

ដកស្រង់ពី៖ Fresh News