បណ្តាញសង្គម

ប្រធានាធិបតីតួកគី ដៀលហូឡង់ថាជា «ពួកផ្តាច់ការដ៏សាហាវ» បន្ទាប់ពីហាមមិនឲ្យយន្តហោះ​ ​ដឹករដ្ឋមន្រ្តីការបរទេសតួកគីចុះចត

 (អង់ការ៉ា)៖ ប្រធានាធិបតីតួកគលោក Tayyip Erdogan បានចាត់ទុកជនជាតិហូឡង់ទាំងអស់ថាជា «ពួកសាហាវផ្តាច់ការ និងជាពួក Nazi អាល្លឺម៉ង់ចាប់ជាតិ (អាល្លឺម៉ង់កាលពីសម័យមេដឹកនាំផ្តាច់ការ Adolf Hitler) » បន្ទាប់ពីរដ្ឋាភិបាលហូឡង់ បានដកការអនុញ្ញាត លែងឲ្យយន្តហោះដឹករដ្ឋមន្រ្តីការបរទេសរបស់លោក ធ្វើការចុះចតនៅទីនោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។ អាជ្ញាធរទីក្រុង Rotterdam នៃប្រទេសហូឡង់ បានដកចេញនូវការអនុញ្ញាតសម្រាប់ឲ្យរដ្ឋមន្រ្តីការបរទេសតួកគី ធ្វើការចូលរួមពិធីជួបជុំគ្នាមួយដែលគ្រោងធ្វើឡើង ដើម្បីប្រមែប្រមូលសំឡេងគាំទ្រដល់គំរោងរបស់លោក Erdogan ពាក់ព័ន្ធនឹងការពង្រីកអំណាចនៃប្រធានាធិបតី ដែលត្រូវបានកំណត់កាលបរិច្ឆេទថា នឹងដាក់ឲ្យសម្រេចនៅក្នុងការបោះឆ្នោតប្រជាមតិមួយ នាខែក្រោយនេះ។ដោយឡែកបណ្តាទីក្រុង នៃប្រទេសអឺរ៉ុបមួយចំនួនផ្សេងទៀត ក៏បានចេញបំរាមហាមឃាត់ការប្រមូលផ្តុំគ្នាបែបនេះ ដែលគ្រោងនឹងមានការចូលរួមពីសំណាក់ មន្រ្តីរដ្ឋាភិបាលតួកគីផងដែរ។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ព័ត៌មាន នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានបញ្ជាឲ្យរារាំងយន្តហោះដឹករដ្ឋមន្ត្រីការបរទេស របស់ប្រទេសតួកគី មិនឲ្យធ្វើការចុះចតបានឡើយ ដោយបានលើកយកហេតុផលថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី នឹងបង្កជាការគំរាមកំហែងខ្លាំងដល់ សណ្តាប់ធ្នាប់សាធារណៈរបស់ហូឡង់៕

ដកស្រង់ពី៖ Fresh News