បណ្តាញសង្គម

សារព័ត៌មានចិន៖ ការចចេសបំពាក់ប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូង នឹងបង្ខំឲ្យទីក្រុងប៉េកាំង ខិតខំអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ​​កាន់​តែ​​ខ្លាំងឡើង

(ប៉េកាំង)៖ នៅក្នុងស្ថានការណ៍វិវឌ្ឍន៍ដ៏ចម្រូងចម្រាស របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការដំឡើងប្រព័ន្ធការពារដែនអាកាស កម្រិតខ្ពស់ (THAAD) នៅប្រទេសកូរ៉េខាងត្បូង សារព័ត៌មានរដ្ឋចិន Global Times បានចេញមុខតវ៉ាថា រដ្ឋាភិបាលទីក្រុងប៉េកាំង ពុំមានជម្រើសអ្វីច្រើននោះឡើយ ក្រៅពីការឆ្លើយតបទៅវិញ តាមរយៈការបង្កើនកម្លាំងអនុភាព នៃអាវុធនុយក្លេអ៊ែររបស់ខ្លួន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។ យោងតាមសារព័ត៌មាន Global Times រដ្ឋាភិបាលចិន បានចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើ ទីក្រុងសេអ៊ូលជាបណ្តើរហើយ ហើយការបំពាក់ប្រព័ន្ធខែលការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិកត្រូវបានចាត់ទុកថា ជាការញុះញង់យ៉ាងខ្លាំង ចំពោះទីក្រុងប៉េកាំង ដែលឈានដល់ការប្រើ ចំណាត់ការវាយបកតបតទៅវិញ ដោយជៀសមិនផុតឡើយ។

កាសែតខាងលើបានលើកឡើងដូច្នេះថា «ដើម្បីស្តារតុល្យភាពយុទ្ធសាស្រ្តនៅតំបន់អាស៊ីឡើងវិញ ដូចកាលពីពេលមិនទាន់មានប្រព័ន្ធ THAAD គឺមានមធ្យោបាយតែមួយគត់តាមរយៈការទប់ទល់វា ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ព្រមទាំងមីស៊ីលដែលទំនើបៗជាងមុន»។ ជុំវិញបញ្ហាដ៏ចម្រូងចម្រាសនេះ ទីក្រុងប៉េកាំង និង ទីក្រុងព្យុងយ៉ាង បានចាត់ទុកប្រព័ន្ធ THAAD ថាជាការគំរាមកំហែងមួយ ចំពោះសន្តិសុខជាតិនៃប្រទេសទាំងពីរ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងសេអ៊ូល បានបន្តធានាអះអាងថា ប្រព័ន្ធខែលការពារមីស៊ីលនេះ មានគោលដៅតែមួយគត់គឺ សម្រាប់ការពារខ្លួន។

គួរបញ្ជាក់ថា យោងតាមសារព័ត៌មាន Global Times រដ្ឋាភិបាលប៉េកាំងគួរតែបញ្ជាក់ឲ្យបានច្បាស់ ជាមួយទីក្រុងប៉េកាំងថា ការដាក់ពង្រាយប្រព័ន្ធ THAAD នឹងឈានទៅរកការបង្កើនឥទ្ធិពល នៃអាវុធនុយក្លេអ៊ែររបស់ចិន ហើយទោះបីជាទំនាក់ទំនងចិន-អាមេរិក ទំនងជាកំពុងវិលត្រឡប់ទៅរកស្ថានភាពនឹងនរឡើយវិញយ៉ាងណាក្តី ក៏ល្បែងនុយក្លេអ៊ែររវាងមហាយក្សចិននឹងនៅតែបន្តទៅមុខទៀតក្នុងរយៈពេលយ៉ាងយូរ៕

ដកស្រង់ពី៖ Fresh News