បណ្តាញសង្គម

អាមេរិកអះអាង​ពីភាពវិជ្ជមាន! «ជនអន្តោប្រវែសន៍​ឆ្លងដែន​ពីម៉ិចស៊ីកូ ថយចុះ​៤០ភាគរយ ក្រោយការប្រើ​ធម៌ក្តៅ!»

 (វ៉ាស៊ីនតោន)៖ ចំនួនជនអន្តោប្រវេសន៍ ម៉ិចស៊ីកូ ចូលមកកាន់សហរដ្ឋអាមេរិក បានថយចុះ៤០ភាគរយ គិតចាប់ពីខែមករា មកទល់ខែកុម្ភៈ ឆ្នាំ២០១៧។

នេះបើតាមសម្តីរបស់លោក John Kelly រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។ យោងតាមលោក John Kelly អត្រាថយចុះនេះបានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងជាផ្លូវការ កាលពីថ្ងៃទី២០ ខែមករា ជាមួយការប្តេជ្ញាថា នឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ ១១លាននាក់ចេញពីសហរដ្ឋអាមេរិក។

លំហូរនៃជនអន្តោប្រវេសន៍ លួចឆ្លងដែនដោយខុសច្បាប់ ដោយវាស់ស្ទង់តាមរយៈការឃាត់ខ្លួន និងរារាំងនៃបុគ្គលដែលគ្មានការអនុញ្ញាតត្រឹមត្រូវ នៅតាមព្រំប្រទល់ភាគខាងត្បូង បានធ្លាក់ចុះមកនៅត្រឹម១៨,៧៦២នាក់នាខែកុម្ភៈកន្លងទៅពី ៣១,៥៧៨នាក់កាលពីខែមករា ឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមករាលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យមានការសាងសង់ជញ្ជាំង នៅតាមព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដែលមានប្រវែងប្រហែល ៣,២០០គីឡូម៉ែត្រ និងបានចាត់វិធានការ ដើម្បីដកហូតថវិកាជំនួយ សហព័ន្ធពីបណ្តារដ្ឋ និង ទីក្រុងដែលទទួលឲ្យ ជនអន្តោប្រវេសន៍ខុសច្បាប់ជ្រកកោន ហើយថែមទាំងបានបង្កើនកម្លាំង នៃភ្នាក់ងារអន្តោប្រវេសន៍អាមេរិកទៀតផង៕

ដកស្រង់ពី៖ Fresh News