បណ្តាញសង្គម

ទាក់ទងបញ្ហា Wikileaks​​: «លោក ដូណាល់ ត្រាំ អះអាងថា​នឹងដាក់ទោស​អ្នកធ្វើ​ឱ្យបែកធ្លាយ​ឯកសារ​សម្ងាត់រដ្ឋ!»

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានការព្រួយបារម្ភជាខ្លំាង ចំពោះការលេចធ្លាយឯកសារសម្ងាត់ ដែលត្រូវចុះផ្សាយដោយ Wikileaks ហើយបើសិនជាព័ត៌មាននេះ គឺជាការពិត ឬត្រូវបានទទួលស្គាល់នោះ អ្នកធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់រដ្ឋ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ ។

នេះបើតាមអ្នកនាំពាក្យសេតវិមាន លោក សន ស្ពៃសឺ (Sean Spicer) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។ លោក សន ស្ពៃសឺ នៅចំពោះអ្នកសារព័ត៌មាន បានលើកឡើងដូច្នេះថា «គាត់ (លោក ត្រាំ)» ពិតជាមានការព្រួយបារម្ភក្រៃលែង ពាក់ព័ន្ធនឹងព័ត៌មាន ស្ដីពីការលេចធ្លាយឯកសម្ងាត់ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខជាតិរបស់យើង បើសិនវាជាការពិត បើទោះជាយើង មិនទាន់អាចអះអាងឬ ទទួលស្គាល់ភ្លាមៗក៏ដោយ។ដូច្នេះវាប្រាកដណាស់ លោកប្រធានាធិបតី ក៏បាននិយាយរួចហើយដែរថា អ្នកដែលជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យបែកធ្លាយ ឯកសារសម្ងាត់រដ្ឋនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ គេហទំព័រ Wikilleaks បានទម្លាយឯកសារសម្ងាត់ ក្រោមលេខកូដ Vault 7 ដោយក្នុងនោះផ្នែកទីមួយហៅថា Year Zero មានឯកសារជាង ៨,៧៦១ច្បាប់ដែលនិយាយពីសមត្ថភាព Hack របស់ CIA ហើយនៅក្នុងចំណោមឯកសារទំាងនេះ ក៏មានបញ្ជាក់ផងដែរថា CIA មាន Server សម្ងាត់ចំនួន០៥ទុកប្រើប្រាស់ សម្រាប់លួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទ ក៏ដូចជាការបង្កើតវីរុស ដើម្បី Hack លើទូរសព្ទដៃ កុំព្យូទ័រយួរដៃ រថយន្ដទំនើបៗ រួមទាំងផលិតផលជាច្រើនរបស់អាមេរិក និងអឺរ៉ុបដូចជា Windows, iPhone, Android និងទូរទស្សន៍ Samsung ជាដើម។

ម្យ៉ាងវិញទៀតបើតាម Wikilleaks ស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់គឺមូលដ្ឋានសម្ងាត់របស់ Hacker CIA ដែលធ្វើប្រតិបត្តិការនៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក៕

ដកស្រង់ពី៖ Fresh News