បណ្តាញសង្គម

កងទ័ពអ៊ុយក្រែន ដកថយចេញពីភូមិចំនួន៣ ក្នុងតំបន់ភាគខាងកើត ខណៈលោក ហ្សេលេនស្គី ទទូចពន្លឿនការប្រគល់អាវុធ (Video inside)

(កៀវ)៖ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយថាកងកម្លាំងអ៊ុយក្រែនបានដកថយចេញពីភូមិចំនួន៣ ស្ថិតនៅក្នុងតំបន់ ភាគខាងកើតនៃប្រទេសជាទីដែលកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុក។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការអះអាងខាងលើរបស់លោក Oleksandr Syrskyi នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា បានឆ្លុះបញ្ចាំងពីស្ថានការណ៍ដ៏លំបាករបស់ អ៊ុយក្រែនក្នុងតំបន់ភាគខាងកើត ខណៈទីក្រុងកៀវរំពឹងថាអាចនឹងស្ដារស្ថានការណ៍នៅលើសមរភូមិឡើងវិញ នៅពេលដែលខ្លួនទទួលបានអាវុធក្រោមកញ្ចប់ជំនួយ ៦១ពាន់លានដុល្លារ ដែលត្រូវបានសភាទាំង២របស់សហរដ្ឋអាមេរិកអនុម័តកាលពីសប្ដាហ៍មុន។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល បង្ហោះលើ Telegram អគ្គមេបញ្ជាការអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ស្ថានការណ៍នៅសមរភូមិមុខកាន់តែមានសភាពយ៉ាប់យ៉ឺន ជាពិសេសនៅទីក្រុង Maryinka ស្ថិតនៅភាគខាងលិច និងទីក្រុង Avdiivka ស្ថិតភាគពាយព្យដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយកងកម្លាំងរុស្ស៉ី»។

ជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចសុំឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ពន្លឿនការបញ្ជូនអាវុធមកឱ្យកងកម្លាំងរបស់លោក ដើម្បីអាចឱ្យពួកគេការពារទីតាំង របស់ខ្លួន និងបង្អាក់ភាពរីកចម្រើនរបស់កងទ័ពរុស្ស៉ី។

គួរបញ្ជាក់ថា បើតាមលោក Oleksandr Syrskyi កងទ័ពអ៊ុយក្រែនបានដកថយទៅកាន់ទីតាំងថ្មីស្ថិតនៅភាគខាងលិច នៃភូមិ Berdychi និងភូមិ Semenivka ដែលភូមិទាំង២ នេះស្ថិតនៅភាគខាងជើងទីក្រុង Avdiivka និងភូមិ Novomykhailivka ស្ថិតនៅក្បែរទីក្រុង Maryinka។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីស្ថានការណ៍ក្នុងភូមិទាំងនេះ នោះទេ៕

ដកស្រង់ពី៖ Fresh News