បណ្តាញសង្គម

ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើទីក្រុង Rafah សម្លាប់ជនជាតិប៉ាឡេស្ទីន ១៣នាក់ (Video inside)

(ហ្គាហ្សា)៖ ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល ត្រូវចំផ្ទះ ៣ខ្នងនៅក្នុងទីក្រុង Rafah ភាគខាងត្បូង តំបន់ហ្កាហ្សា បានបណ្តាលឱ្យមនុស្ស ១៣នាក់ស្លាប់ និងរងរបួសជាច្រើននាក់។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ ២០២៤។ ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស ក៏បានឱ្យដឹងដែរថា អ្នកស្លាប់មានចំនួន ១៥នាក់។ បើតាមមន្ត្រីសុខាភិបាលតំបន់នៅឯទីក្រុងហ្កាហ្សា (Gaza City) ភាគខាងជើង យន្តហោះអ៉ីស្រាអែលបានវាយប្រហារលើផ្ទះ២ខ្នងបានសម្លាប់មនុស្ស និងរបួសជាច្រើននាក់ផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសលើទីក្រុង Rafah ដែមានមនុស្សជាង ១លាននាក់កំពុងជ្រកកោននោះ បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលប្រទេស អេហ្ស៉ីបធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សារវាងមេដឹកនាំក្រុមហាម៉ាស អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៉ីស្រាអែល។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់ បានប្រាប់ Reuters ថានឹងមានកិច្ចពិភាក្សានាថ្ងៃចន្ទ នៅក្នុងទីក្រុងគែរ រវាងគណៈប្រតិភូហាម៉ាស់ កាតា និងអ្នកសម្រុះសម្រួល អេហ្ស៉ីប ដើម្បីពិភាក្សាលើការឆ្លើយតបរបស់អ៉ីស្រាអែល ទៅនឹងសំណើររបស់ខ្លួន៕

ដកស្រង់ពី៖ Fresh News