បណ្តាញសង្គម

ប្រធានាធិបតីអ៉ីរ៉ង់ ទៅដល់ប៉ាគីស្ថានសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីជួសជុលទំនាក់ទំនង

 ការិយាល័យការបរទេស បានឱ្យដឹងថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានទៅដល់ទីក្រុង អ៉ីស្លាម៉ាបាដ កាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចំពេលស្ថានការណ៍សន្តិសុខនៅរដ្ឋធានី របស់ប៉ាគីស្ថានមួយនេះ កាន់តែតឹងតែង។

ដំណើរទស្សនកិច្ច ដែលការិយាល័យការបរទេសប៉ាគីស្ថានថា នឹងបន្តរហូតដល់ថ្ងៃពុធនេះ កើតមានឡើង បន្ទាប់ពីប្រទេសកាន់សាសនាឥស្លាមទាំងពីរនេះ ស្វែងរកការជួសជុលទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីការបាញ់ផ្លោងដាក់គ្នាក្នុងឆ្នាំនេះ។

ក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា ប្រធានាធិបតីអ៉ីរ៉ង់ រួមដំណើរមកជាមួយនឹងភរិយារបស់លោក គណៈប្រតិភូជាន់ខ្ពស់ ដែលរួមមានរដ្ឋមន្រ្តីការបរទេស ក៏ដូចជាសមាជិកគណៈរដ្ឋមន្រ្តី និងក្រុមមន្រ្តីជាន់ខ្ពស់។

លោក Raisi ត្រូវជួបនាយករដ្ឋមន្រ្តី Shehbaz Sharif និងក្រុមមន្រ្តីនានា។ ក្រៅពីនោះ លោកនឹងទៅទស្សនាទីក្រុងភាគខាងកើត Lahore ក៏ដូចជាទីក្រុងកំពង់ផែភាគខាងត្បូង Karachi។ ផ្លូវធំៗនៅក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ត្រូវបានបិទ ខណៈដែលផ្នែកខ្លះមានការរឹតបន្តឹងសន្តិសុខ សម្រាប់ការមកដល់របស់លោក Raisi។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក Raisi គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនង មានប្រក្រតីភាពឡើងវិញជាមួយប៉ាគីស្ថាន ប៉ុន្តែមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khameni គឺមិនមែនប្រធានាធិបតីនោះទេ ដែលមានអំណាចកំពូល ក្នុងការសម្រេចលើកិច្ចការប្រទេសជាតិផ្សេងៗ រួមមានទាំងគោលនយោបាយនុយក្លេអ៊ែរ នេះបើតាមការផ្សាយរបស់ Reuters ។